ភ្នំពេញ ៖ លោក កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានលើកឡើងថា ការបង្ការ និងទប់ស្កាត់ការ ប្រើប្រាស់គ្រឿងញៀន គឺសំខាន់បំផុតត្រូវចាប់ផ្តើមពីខ្លួនយើងម្នាក់ៗ បើបុគ្គលម្នាក់ៗមានការសម្រេចចិត្តដាច់ខាត មិនពាក់ព័ន្ធ មិនប្រើប្រាស់គ្រឿងញៀន នោះឈានទៅសម្រេចបាន នូវការលុបបំបាត់ទីផ្សារគ្រឿងញៀន។

ក្នុងកម្មពិធីបើកវគ្គផ្សព្វផ្សាយ និងបណ្តុះបណ្តាលចំណេះដឹងជាមូលដ្ឋាន ស្តីពីបញ្ហាគ្រឿងញៀនដល់មន្រ្តីរាជការស៊ីវិល និងមន្រ្តីនគរបាលជាតិ នៃអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លោក កៅ ខុនដារ៉ា បានថ្លែងថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាការងារមួយមានភាពស្មុគស្មាញ ទាមទារឱ្យមានការឆ្លើយតបជាពហុវិសយ និងត្រូវមានចូលរួមពីគ្រប់សមាសភាពសង្គម ចាប់ផ្តើមពីបុគ្គលម្នាក់ៗ ក្រុមគ្រួសារ សហគមន៍ អង្គភាពរដ្ឋ ឯកជន សង្គមស៊ីវិល អង្គការមនុស្សធម៌ និងសាសនា។

លោក រដ្ឋលេខាធិការ មានប្រសាសន៍ថា «ក្នុងន័យនេះ ការបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន គឺសំខាន់បំផុតត្រូវចាប់ផ្តើមពីខ្លួនយើងម្នាក់ៗ បើបុគ្គលម្នាក់ៗមានការសម្រេចចិត្តដាច់ខាត មិនពាក់ព័ន្ធ មិនប្រើប្រាស់គ្រឿងញៀន នោះឈានទៅសម្រេចបាននូវការលុបបំបាត់ទីផ្សារគ្រឿងញៀន មានន័យថា គ្មានអ្នកប្រើគ្រឿង ញៀន គឺគ្មានទីផ្សារ គ្មានទីផ្សារ គឺគ្មានអ្នកនាំគ្រឿងញៀនយកមកលក់ ឬចែកចាយ»។

លោក រដ្ឋលេខាធិការ បន្ថែមថា ដូច្នេះ ការចាប់ផ្តើមពីការយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ជាការសម្រេចចិត្តមិន ពាក់ព័ន្ធ និងមិនប្រើប្រាស់គ្រឿងញៀនពីខ្លួនយើងម្នាក់ៗ ឈានទៅបង្កើតបានជាក្រុមគ្រួសារ មួយគ្មានគ្រឿងញៀន និងទីកន្លែងធ្វើការមួយគ្មានអ្នកប្រើគ្រឿងញៀន រហូតដល់ភូមិ ឃុំ និង សហគមន៍មួយ គ្មានគ្រឿងញៀន»។

លោក រដ្ឋលេខាធិការ បានសង្ឃឹមថា លោក លោកស្រី សមាជិកទាំងអស់នឹងខិតខំត្រង់ត្រាប់ស្តាប់នូវការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលរបស់យើងក្នុងពេលនេះ ដើម្បីបានជាចំណេះដឹងជាប្រយោជន៍ដល់ការចូលរួមកសាងសង្គមជាតិ យើងចៀសផុតពីគ្រោះថ្នាក់នៃគ្រឿងញៀន ពិសេសការបង្ការ ការពារខ្លួនឱ្យចៀសផុត បានពីលទ្ធផលវិជ្ជមាន នៃការធ្វើតេស្តទឹកមូត្ររកសារធាតុញៀន ដែលនឹងត្រូវធ្វើជាប្រក្រតីស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល៕

