ព្រះវិហារ ៖ អំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានចង្ក្រានហ្គាសធន់តូចចល័ត ចំនួន៦០០០ចង្ក្រាន, កំប៉ុងហ្គាស ចំនួន១២០០០កំប៉ុង ទឹកបរិសុទ្ធ និងមីជាច្រើនកេស ត្រូវបានលោកអ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូន ដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ ដោយសារសង្គ្រាមឈ្លានពាន របស់ទាហានថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។

ពិធីនេះប្រគល់និងទទួលអំណោយនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ ដោយ លោក អ៊ីមរ៉ន ហាស្សាន់ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំបេញ បានប្រគល់អំណោយជូនលោកបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះហន្ដរាយ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅ ក្នុងខេត្តព្រះវិហារ។

ក្នុងឱកាសនោះ លោក អ៊ីមរ៉ន ហាស្សាន់ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក ពីសំណាក់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងសូមអណរគុណដល់បងប្អូនវីរកងទ័ពជួរមុខ ដែលបានលះបង់ប្តូរផ្តាច់អាយុជីវិត ក្នុងបុព្វហេតុការពារទឹកដី ពីការឈ្លានពានរបស់ទាហានថៃ និងជូនពរឱ្យបងប្អូនទាំងអស់គ្នា មានសុខភាពល្អ ឈ្នះអស់សត្រូវឈ្លានពាន ។

ជាការឆ្លើយតបលោកទេសរដ្ឋមន្ដ្រី គន់ គីម បានថ្លៃងនូវការអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។

ក្នុងនោះដែរលោកទេសរដ្ឋមន្ដ្រី ក៏បានអរគុណ ចំពោះសប្បុរសជននានា នៅរាជធានីភ្នំពេញ និងលោក ឃួង ស្រេង ដែលបាននិងកំពុងជួយ ឧបត្ថមយ៉ាងសន្ធឹកសន្ធាប់ មកជូនវីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ ដោយសារសង្គ្រាមឈ្លានពានពីទាហានថៃ ។

ជាមួយគ្នានោះលោកទេសរដ្ឋមន្ដ្រី ក៏បានស្នើមករដ្ឋបាលរាជធានីភ្នំពេញ ឱ្យជួយផ្តល់ឧបករណ៍សំរាប់បញ្ជូលហ្គាស ជូនវីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ដើម្បីពួកគាត់ងាយស្រួលក្នុងការប្រើប្រាស់ ព្រោះរដូវនេះជារដូវភ្លៀង។ បន្ថែមពីនេះលោកបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម បានសុំឱ្យសប្បុរសជន នៅរាជធានីភ្នំពេញ បន្តជួយឧបត្ដមដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក បន្ថែមទៀត ដោយអាច ផ្តល់ជាថវិកា ដើម្បីទិញបន្លែ ត្រី សាច់ មកចែកជូនជាជនភៀសសឹក ដោយសាថា គ្រឿងឧបភោគ បរិភោគ ដូចជាមី ត្រីខ ទឹកត្រី ជាដើមនោះ ពួកគាត់អាចថា មានច្រើនហើយ។ ការផ្ដល់អំណោយទាំងអស់នេះ វាក៏បានជួយទៅដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកដែលមិនរងប៉ះពាល់ ដោយសង្គ្រាមនេះ បានលក់ គោ ក្របី ត្រីសាច់ ធ្វើឱ្យជីវភាពពួកគាត់បានល្អមួយកម្រិតដែរ ៕








