ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា អបអរសាទរ ចំពោះការប្រព្រឹត្តទៅ ដោយជោគជ័យ នូវកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្តែងការអបអរសាទរ ចំពោះការប្រព្រឹត្តទៅ ដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កិច្ចប្រជុំនេះជាការអនុវត្ត នូវចំណុចដែលបានឯកភាពគ្នា រវាង សម្ដេច និង លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និង សហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន ។

ភាគីទាំងពីរ កម្ពុជា-ថៃ បានពិភាក្សានិងឯកភាពគ្នាលើលក្ខខណ្ឌ នៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នា រវាងកងទ័ពទាំងពីរ។ ភាគីទាំងពីរក៏បានយល់ព្រមជំរុញការរៀបចំលក្ខខណ្ឌប្រតិបត្តិ នៃយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) និងឯកភាពឱ្យមានក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (Interim Observer Team) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ដើម្បីសង្កេតការណ៍ភ្លាមៗ និងបន្តរៀបចំក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team)។

ភាគីទាំងពីរក៏បានឯកភាព រៀបចំកិច្ចប្រជុំរួម នៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) ក្នុងរង្វង់ពីរសប្តាហ៍ និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ក្នុងរង្វង់មួយខែក្រោយ កិច្ចប្រជុំវិសាមញ្ញ GBC នេះ។ ក្នុងករណីចាំបាច់ភាគីទាំងពីរអាចកោះប្រជុំ វិសាមញ្ញនៃគណៈកម្មាធិការ ព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ក្នុងទម្រង់ដូចលើកនេះ ។

កម្ពុជាក៏បានស្នើសុំឲ្យមានការដោះលែងយោធិនកម្ពុជាទាំង ១៨រូបដែលស្ថិតនៅក្នុងការឃុំគ្រងរបស់កងទ័ពថៃឲ្យបានឆាប់រហ័សផងដែរ ៕

To Top