បាត់ដំបង ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា រហូតមកដល់ពេលនេះ មានពលករខ្មែរជាង៦០ម៉ឺននាក់ហើយ បានចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ។

លោក សុខ លូ បានថ្លែងសង្កត់ធ្ងន់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់និងផ្ដល់រថយន្តក្រុង រាប់រយគ្រឿង ដើម្បីដឹកជញ្ជូនបងប្អូនពលករខ្មែរ ទៅដល់ស្រុកកំណើតរៀងៗខ្លួនវិញប្រកបដោយសុខសុវត្ថិភាព។
ក្រោមការសម្របសម្រួល និងទទួលស្វាគមន៍ប្រកបដោយភាពកក់ក្ដៅពី លោក អភិបាលខេត្តបាត់ដំបង និងលោកស្រី ព្រមទាំងក្រុមការងារពាក់ព័ន្ធទាំងអស់ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០២៥ នេះ ពលករខ្មែររាប់ម៉ឺននាក់បន្ថែមទៀត បាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង។

ពលករខ្មែរ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានវិលត្រឡប់មកដល់ស្រុកកំណើតវិញ ដោយមានការទទួលស្វាគមន៍កក់ក្ដៅ។ ពលករខ្មែរក៏បានថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងផ្ដល់រថយន្តក្រុង សម្រាប់ដឹកជញ្ជូនទៅដល់ស្រុកកំណើតដោយឥតគិតថ្លៃ ។
សូមរំលឹកថា ជាបន្តបន្ទាប់ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែន អន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួល និងជួយសម្របសម្រួលដំណើរវិលត្រឡប់ របស់ពលករខ្មែរ មកពីប្រទេសថៃ៕
