ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ផ្លូវបេតុង ចំនួន៦ខ្សែ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវបេតុងចំនួន ៦ខ្សែ នៅស្រុកជលគិរី និងស្រុកបរិបូណ៍ ក្នុងខេត្តកំពង់ឆ្នាំង។

ផ្លូវទាំង៦ខ្សែរួមមាន៖
-ខ្សែទី១៖ ព្រៃគ្រីត្បូង – ក្បាលកន្លង់ ស្រុកជលគិរី ប្រវែង ១៧,៦៨គីឡូម៉ែត្រ តភ្ជាប់ពីភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ទៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី មានទទឹង ប្រវែង ៦,០ម៉ែត្រ កម្រាស់ ២០សម និងមានសំណង់លូមូលចំនួន ២៧កន្លែង និងលូប្រអប់ចំនួន ២កន្លែង។
-ខ្សែទី២៖ ពាមឆ្កោក – ព្រែកឆ្តោរ ស្រុកជលគិរី មានប្រវែង ៨,៥៨គីឡូម៉ែត្រ តភ្ជាប់ពីភូមិពាមឆ្កោក ឃុំពាមឆ្កោក ទៅភូមិព្រែកឆ្តោរ ឃុំពាមឆ្កោក ស្រុកជលគីរី មានទទឹង ប្រវែង ៥,០ម៉ែត្រ កម្រាស់ ១៥សម និងមានសំណង់លូមូលចំនួន ២កន្លែង និងលូប្រអប់ចំនួន ២កន្លែង។
-ខ្សែទី៣៖ ព្រៃព្រាល – អណ្តូងរវៀង ស្រុកបរិបូរណ៍ មានប្រវែង ២,៦២គីឡូម៉ែត្រ តភ្ជាប់ពីភូមិព្រៃព្រាល ឃុំអញ្ចាញរូង ទៅភូមិអណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ មានទទឹង ប្រវែង ៥,០ម៉ែត្រ កម្រាស់ ១៥សម និងមានសំណង់លូមូលចំនួន ៨កន្លែង។
សូមបញ្ជាក់ជូនផងដែរថា ខ្សែផ្លូវទាំង ៣ខាងលើនេះស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា (CRRIDP) នឹងបញ្ចប់ការសាងសង់ ១០០% នៅដើមខែកញ្ញា ឆ្នាំ២០២៥។
-ខ្សែទី៤៖ ប្រវែង ២,៦២គីឡូម៉ែត្រ ស្ថិតនៅក្នុងអញ្ចាញរូស្រុកបរិបូណ៍ ក្នុងក្របខណ្ឌគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទធន់នឹងការប្រែប្រួលអាកាសធាតុ។
-ខ្សែទី៥៖ ប្រស្នឹប -អញ្ចាញរូង តភ្ជាប់ពីឃុំប្រស្នឹបស្រុករលាប្អៀរទៅឃុំអញ្ចាញរូងស្រុកបរិបូណ៍ ប្រវែង ៥,៦៧គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)។
-ខ្សែទី៦៖ ព្រៃមូល-ក្រាំងស្គារ មានប្រវែង ២៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិប្រច័ក្ស ឃុំព្រៃមូល ស្រុករលាប្អៀរ ទៅដល់ភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស ដោយឆ្លងកាត់ ភូមិប្រច័ក្ស ភូមិត្រពាំងតាសុក ភូមិត្រពាំងក្រវ៉ាន់ ក្នុងឃុំព្រៃមូល និងភូមិថ្មី ភូមិស្រែវាល ឃុំក្រាំងលាវ ស្រុករលាប្អៀរ និងភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុសបម្រើឱ្យប្រជាពលរដ្ឋ ១ ០៥៧គ្រួសារ។ ផ្លូវនេះជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST ក្នុងក្របខ័ណ្ឌគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ជំហានទី៣ (RRIP ៣) របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុងឱកាសចុះពិនិត្យផ្លូវទាំង ៦ខ្សែនេះ លោករដ្ឋមន្រ្ដី បានផ្ដាំផ្ញើឱ្យអាជ្ញាធរមូលដ្ឋានចូលរួម ជួយថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង់ ដើម្បីសម្រួលដល់ការធ្វើដំណើរ ក៏ដូចសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើពាណិជ្ជកម្មនានាផងដែរ៕

To Top