ព័ត៌មានជាតិ

មហាអំណាចអាមេរិក-ចិន គាំទ្រលទ្ធផលកិច្ចប្រជុំ GBC

ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ទាំងសហរដ្ឋអាមេរិក និងចិនគាំទ្រលទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានផ្ញើលិខិតផ្លូវការមួយជូនគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពលោក Donald J. Trump ប្រធានាធិបតីទី៤៥ និងទី៤៧ របស់អាមេរិកសម្រាប់ពានរង្វាន់ណូបែលសន្តិភាព។

ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោក ប៉ែន បូណា បានឲ្យដឹងថា ក្រោយកិច្ចប្រជុំ GBCប្រព្រឹត្តទៅនៅម៉ាឡេស៊ីកាលពីថ្ងៃ៧ សីហា ទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត ទាំងមហាអំណាចអាមេរិក និងចិន បាននាំគ្នាសម្តែងការគាំទ្រលទ្ធផលនេះ ក្នុងពេលសម្តេចធិបតី បានផ្ញើលិខិតផ្លូវការមួយជូន គណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពលោក Donald J. Trump ប្រធានាធិបតីទី៤៥ និងទី៤៧ របស់សហរដ្ឋអាមេរិកសម្រាប់ ពានរង្វាន់ណូបែលសន្តិភាព ឆ្លើយតបនឹងការផ្តួចផ្តើមគំនិតនិងការជំរុញ របស់ប្រធានាធិបតីឲ្យមានបទឈប់បាញ់រវាងទ័ពកម្ពុជា-ថៃ។

លោកបន្តថា “យើងសង្កេតឃើញថា លទ្ធផលកិច្ចប្រជុំក៏មានការសាទរគាំទ្រយ៉ាងខ្លាំង ជាពិសេសពីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក និងក្រសួងការបរទេសចិនផងដែរ”។

ចំពោះលិខិតជាផ្លូវការរបស់សម្តេចនាយករដ្ឋមន្តី្រ ផ្ញើលិខិតផ្លូវការមួយជូនគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ត្រូវបានសម្តេចធិបតីអះអាងថា ស្របតាមសំណូមពររបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណប្រធានាធិបតីអាមេរិក ដែលបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានបទឈប់បាញ់គ្នា រវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ រហូតដល់មានសន្តិភាពពេញលេញរវាងប្រទេសទាំងពីរ៕

To Top