ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអាមេរិក-ចិន បញ្ជាក់ពីតម្រូវការ សម្រាប់កិច្ចសន្ទនា ដែលប្រសើរឡើង ទោះបីជាមានភាពខុសគ្នាក៏ដោយ

Kyodo

វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអះអាងនៅក្នុង កិច្ចពិភាក្សាតាមទូរស័ព្ទអំពីសារៈសំខាន់នៃការពង្រឹងកិច្ចសន្ទនាទ្វេភាគីកម្រិតខ្ពស់ ដើម្បីរក្សាស្ថិរភាពទំនាក់ទំនង ខណៈពេលដែលកំពុងដាក់សម្ពាធលើករណីរៀងៗខ្លួនលើប្រធានបទដូចជា ជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង និងបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ ។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនទំនាក់ទំនង រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Janet Yellen នឹងធ្វើទស្សនកិច្ចនៅប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ ហើយរដ្ឋមន្ត្រីការបរទេសលោក Antony Blinken ក៏នឹងធ្វើដំណើរទៅទីនោះក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក។

ការអំពាវនាវនេះបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងលោក បៃដិន និងលោក ស៊ី កាលពីខែវិច្ឆិកាឆ្នាំមុន នៅជិតទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ជាកន្លែងដែលពួកគេបានយល់ព្រម ក្នុងការគ្រប់គ្រង ប្រកបដោយការទទួលខុស ត្រូវរវាងប្រទេសរបស់ពួកគេ និងការពារជម្លោះដោយអចេតនា។

ក្រសួងការបរទេសចិនបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងបញ្ជូនលោកស្រី Yellen និងលោក Blinken ដើម្បីជៀសវាងការគណនាខុស និងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញទំនាក់ទំនងឱ្យនៅលើផ្លូវស្ថិរភាព និងរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល” ។

មន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun ក៏នឹងជជែកគ្នាតាមទូរស័ព្ទ “ក្នុងពេលឆាប់ៗនេះផងដែរ” ។

អ្នកនាំពាក្យសន្តិសុខជាតិ របស់សេតវិមានលោក John Kirby បានប្រាប់អ្នកសារព័ត៌មានថា លោក បៃដិន និងលោក ស៊ី បានពិភាក្សាគ្នាប្រហែល ៩០ នាទី ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top