ក្រចេះ ៖ លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្រ្តីក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នៅថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឃុំសំបុក ស្រុកចិត្របុរី និងឃុំដំរីផុង ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។

ក្នុងឱកាសនោះ មន្រ្តីរបស់ក្រសួងក៏បានផ្សព្វផ្សាយអំពីឱកាសការងារដ៏សម្បូរបែប អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់អ្នកចូលរួមចំនួនសរុបចំនួន ១ ៣០៩នាក់ ខណៈដែលបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរប្រមាណ ២៤៩នាក់ ទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗដែលមានតម្រូវការកម្លាំងពលកម្មសរុបប្រមាណជាង ៥ពាន់កន្លែង៕








