ព័ត៌មានជាតិ

ករណីទាហានថៃប្រើជំពាមកៅស៊ូ! សម្ដេចតេជោ ថាប្រសិនបើមិនទប់ស្កាត់ វានឹងប្រែក្លាយទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀង ឈប់បាញ់

ភ្នំពេញ៖ ករណីទាហានថៃប្រើជំពាមកៅស៊ូ បាញ់មកលើទាហានកម្ពុជា នៅព្រំដែនកម្ពុជា-ថៃ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថាប្រសិនបើមិនទប់ស្កាត់ វានឹងប្រែក្លាយទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀង ឈប់បាញ់។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រលប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមពិតសម្ដេចមិនចង់និយាយរឿងនេះទេ តែបើមិននិយាយខ្លាចមេដឹកនាំថៃមិនបានដឹង និងសហគមន៍អន្តរជាតិមិនបានយល់។ សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូបាញ់ ដោយគ្រាប់ឃ្លី និងកូនដុំដែក។

សម្ដេចបន្ថែមថា រឿងនេះបើមើលមួយភ្លេតដូចជារឿងកំប្លែង ឬរឿងតូចតាច តែបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើយើងមិនទប់ស្កាត់វានោះទេ។

សម្ដេចបញ្ជាក់ថា «វានឹងប្រែក្លាយពីការប្រើជំពាមកៅស៊ូ ទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀង ឈប់បាញ់ដែលថ្នាក់ដឹកនាំកម្ពុជា-ថៃ ដោយមានការជួយយ៉ាងសកម្មពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងការចូលរួមពីចិន អាមេរិក ស្វែងរកបានយ៉ាងលំបាក»។

សម្ដេចថា សម្រាប់កម្ពុជាប្រសិនមានប្រើ សម្ដេចសូមឲ្យរាជរដ្ឋាភិបាលចេញបទបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ ការប្រើប្រាស់ជាបន្ទាន់។

សម្ដេចសង្ឃឹមថា មេដឹកនាំថៃនឹងចេញបញ្ជា ទៅកងទ័ពឲ្យបញ្ឈប់ការប្រើអាវុធ ដូចដែលមានក្នុងរូបភាពដែលសម្ដេចសូមភ្ជាប់ទៅជាមួយនេះ។

To Top