ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសទទួលស្គាល់ អត្តសញ្ញាណសហគមន៍ ជនជាតិដើមភាគតិច ចំនួន២១៣សហគមន៍ ក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ។
យោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១និងលើកទី២១ នៅកម្ពុជានាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥បានឲ្យដឹងថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញលិខិតទទួលស្គាល់ អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចចំនួន២១៣សហគមន៍ ។ ក្នុងនោះបានចុះបញ្ជី ជានីតិបុគ្គលពីក្រសួងមហាផ្ទៃ ចំនួន១៥៥សហគមន៍ និងបានចេញបណ្ណកម្មសិទ្ធិដីសមូហភាពចំនួន ៤២សហគមន៍ ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិចតាមរយៈការលើកកម្ពស់សិទ្ធិ និងការការពារឧត្តមប្រយោជន៍ របស់ជនជាតិដើមភាគតិច ដើម្បីធ្វើយ៉ាងណាឲ្យជនជាតិដើមភាគតិចទទួលបាននូវគុណភាព និងគុណតម្លៃ នៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ។
ក្នុងនោះក៏មានការបង្កើននូវភាពចម្រុះនៃវប្បធម៌ ពហុភាសា សេរីភាព ជំនឿ និងសាសនាដែលធ្វើឲ្យកម្ពុជាកាន់តែមានគុណតម្លៃបន្ថែមទៀត ក្នុងនាមទាំងអស់គ្នាជាបងប្អូនខ្មែរតែមួយ ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានជនជាតិដើមភាគតិចដូចជា ៖ កួយ ព្នង ទំពួន ចារាយ សួយ គ្រឹង ពៅ កាវ៉ែត កាចក់ លុន ស្បៀង ក្រោល ប្អូន ជង ព័រ ស្ទូច ខោញ រដែ ខិ រអង ស្នង ល្អិន មើល សំរែ និងជនជាតិដើមភាគតិចផ្សេងៗ ទៀត។ ជនជាតិដើមភាគតិចទាំងអស់នោះរស់នៅក្នុងខេត្តមួយចំនួន ដូចជា ៖ ខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ធំ សៀមរាប ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ស្ពឺ ព្រះសីហនុ កោះកុង និងនៅតាមតំបន់ផ្សេងៗទៀត ដោយពួកគាត់ប្រកាន់យកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជំនឿ និងភាសាផ្សេងៗគ្នាទៅតាមក្រុមរបស់ខ្លួន៕
