ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា កម្ពុជា ទាមទារឱ្យថៃ គោរពដោយពេញលេញ កិច្ចព្រមព្រៀង ក្នុងការរក្សាទីតាំងឈរជើង របស់កងទ័ពនាពេលបច្ចុប្បន្ន ហើយជៀសវាងការធ្វើចលនា ឬក៏ល្បាតឆ្ពោះទៅកាន់ទីតាំងភាគីម្ខាងទៀត ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ វេលាម៉ោង៧ព្រឹកនេះ លោក ជុំ សុន្ទរី បានប្រកាសថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបដិសេធ យ៉ាងដាច់អហង្ការ ចំពោះសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសថៃ ដែលបានចេញនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ហើយដែលនៅក្នុងនោះ បានធ្វើការចោទប្រកាន់ចំពោះកម្ពុជាថា បានដាក់មីនថ្មី ។
លោក ជុំ សុន្ទរី បញ្ជាក់បន្ថែមថា អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីង ហើយនិងជួយសង្គ្រោះជនពិការដោយសារមីន បានផ្តល់ជូនរួចហើយ នូវការបកស្រាយដោយច្បាស់លាស់មួយ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ដែលបានចេញកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ធ្វើការបដិសេធចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋាននេះរបស់ភាគីថៃ ។
ក្នុងនោះ អ្នកនាំពាក្យរូបនេះ បញ្ជាក់បន្ថែមថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ពុំមានការសើបអង្កេត ដែលអាចជឿជាក់បាន ឬក៏ប្រកបដោយតម្លាភាព ដែលបានដំណើរការពាក់ព័ន្ធទៅនឹងឧបទវហេតុ ដែលបានលើកឡើងដោយភាគីថៃនោះទេ ។
បន្ថែមលើនេះ កម្ពុជា សូមអំពាវនាវ ឱ្យមានការអត់ធ្មត់ ហើយជៀសវាង នៅការចោទប្រកាន់ជាសាធារណៈ ដោយប្រញ៉ាប់ប្រញ៉ា ដែលវាអាចធ្វើឱ្យប៉ះពាល់ ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយនិងស្មារតីនៃបទឈប់បាញ់ នៅក្នុងពេលដែលការចូលរួម ដោយស្ថាបនា គឺជាតម្រូវការដ៏បន្ទាន់ ។
លោក ជុំ សុន្ទរី មានប្រសាសន៍ថា “កម្ពុជា ទាមទារឱ្យប្រទេសថៃ គោរពដោយពេញលេញ ចំពោះកិច្ចព្រមព្រៀង ដែលសម្រេចបាន នៅក្នុងកិច្ចប្រជុំវិសាមញ្ញ កន្លងមកថ្មីៗនេះ របស់គណៈកម្មាធិការព្រំដែនទូទៅ ជាពិសេសគឺកិច្ចព្រមព្រៀង ក្នុងការរក្សាទីតាំងឈរជើង របស់កងទ័ពនាពេលបច្ចុប្បន្ន ហើយជៀសវាងការធ្វើចលនា ឬក៏ការល្បាតឆ្ពោះទៅកាន់ទីតាំងភាគីម្ខាងទៀត”៕
