ព័ត៌មានជាតិ

ក្រុមអនុព័ន្ធយោធាបរទេស ចុះពិនិត្យទីតាំងជាក់ស្តែងដែលរងការបំផ្លាញ់ ដោយការទម្លាក់គ្រាប់ផ្លោង របស់យោធាថៃ មកលើវត្តតាមន្តសែនជ័យ

ឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃអាទិត្យទី១០ ខែសីហា ឆ្នាំ២០២៥ ក្រុមអនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា (MACPP) បានចុះពិនិត្យទីតាំងជាក់ស្តែងដែលរងការបំផ្លាញ់ដោយការទម្លាក់គ្រាប់ផ្លោង របស់យោធាថៃ មកលើវត្តតាមន្តសែនជ័យក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

តាម រយៈគេហទំព័រហ្វេសប៊ុក ក្រសួងការពារជាតិ បានឱ្យដឹងថា “ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា និងមានការសម្របសម្រួលពី លោក មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានចុះពិនិត្យទីតាំងជាក់ស្តែងដែលរងការបំផ្លាញ់ដោយការទម្លាក់គ្រាប់ផ្លោង របស់យោធាថៃ មកលើវត្តតាមន្តសែនជ័យ ដែលជាទីសក្ការៈបូជា ក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ នៅ ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ”។

ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដែលមាននិវេសនដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានវត្តមានមកពីប្រទេសចំនួន០៩ និង១៤រូបបានចូលរួម ក្នុងនោះរួមមាន ប្រទេស អូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម។

សូមគូសបញ្ជាក់ផងដែរថា បេសកកម្ម និងសកម្មភាពនេះបានកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេស និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានឯកភាពគ្នាអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី។

ការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបំពេញការងារប្រកបដោយស្មារតីស្ថាបនា ដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ប្រទេសម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

To Top