ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ និងសមាជិក សមាគមកាយឫទ្ធិនារីកម្ពុជា សាខាភ្នំពេញ​ ធ្វើសមាធិ និងសូត្រមន្តរំលឹកគុណ​ វីរកងទ័ពពលី ក្នុងសមរភូមិនៅវត្តនិគ្រោធវ័ន

ភ្នំពេញ៖​ លោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សា​ នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ បានដឹកនាំសមាជិកសកម្ម ចំនួនជាង២៥០នាក់ មកសិក្សាស្វែងយល់ អំពីពិធីបុណ្យ ចូលព្រះវស្សា, ការធ្វើសមាធិ ព្រមទាំងសូត្រមន្តរំលឹកគុណ ដល់វីរកងទ័ពដែលពលី​ក្នុងសមរភូមិជួរមុខ និងបួងសួងសុំសេចក្ដីសុខ ជូនព្រះរាជាណាចក្រកម្ពុជា ។

ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ​ នៅក្នុងវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

តាមរយៈលោកស្រី ដោ សម្ផស្ស អនុប្រធានក្រុមប្រឹក្សា នៃសមាគមកាយឫទ្ធិនារីកម្ពុជា​ សាខារាជធានីភ្នំពេញ បានឱ្យដឹងថា សមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានី ភ្នំពេញ ដឹកនាំដោយលោកស្រី ជា ស៊ីណា ឃួង ស្រេង ជាប្រធានបានផ្តួចផ្តើម ឱ្យមានកម្មវិធីចំនួន៣ ក្នុងពេលតែ១ នោះគឺ ការនាំប្អូនៗ នារីចំនួន១៥០នាក់ ដែលជាសមាជិកសកម្ម និងបងប្អូនជាសមាជិកាគាំទ្រ​ សមាគមកាយឫទ្ធិនារីកម្ពុជា នៅតាមខណ្ឌទាំង១៤ ចំនួន១០០នាក់ទៀត មកសិក្សាស្វែងយល់ អំពីពិធីបុណ្យចូលព្រះវស្សា ដែល​សម្តែងដោយ​ព្រះភិក្ខុ​ សតិបាលោ សុខ សុផៃ​ តំណាង​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេចសង្ឃ​ គូ​ សុភាព​។

ក្នុង​ឱកាស​នេះ​ទាំង​សមាជិក​សកម្ម​ និង​សមាជិកាទាំងអស់​​​ ​បាន​ស្វែង​យល់​កាន់​តែ​ច្បាស់​ថា តើពិធីបុណ្យចូល ព្រះវស្សា គេធ្វើអ្វីខ្លះ សំរាប់ទំនៀមទំលាប់ខ្មែរ ។ ប្រធានបទទី២ ព្រះភិក្ខុសង្ឃ បាន​ដឹកនាំធ្វើសមាធិ បន្ទាប់មកគឺពិធីសូត្រមន្ត រំលឹកគុណវីរកងទ័ព ដែលពលីក្នុងសមរភូមិមុខ និងបួងសួងសុំសេចក្ដីសុខ ជូនព្រះរាជាណាចក្រកម្ពុជា៕

To Top