ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានអំពាវនាវដល់ សហគមន៍អន្តរជាតិ ពិសេសប្រទេសជាដៃគូ ជួយជំរុញយ៉ាងម៉ឺងម៉ាត់ ឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀង ឈប់បាញ់ ដោយមិនត្រឹមតែតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាព ជាក់ស្តែង។
ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា កម្ពុជា គូសបញ្ជាក់អំពីគោលជំហរដ៏ម៉ឺងម៉ាត់ របស់ខ្លួនក្នុងការរកដំណោះស្រាយ ដោយសន្តិវិធី និងប្រកាន់គោលការណ៍ សន្តិភាពជាធំ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវបទឈប់បាញ់ ហើយ កម្ពុជាសង្ឃឹមថា ភាគីថៃ នឹងប្រកាន់គោលជំហរដូចគ្នា ប្រកបដោយភាពស្មោះត្រង់ ដើម្បីឈានទៅបញ្ចប់ការប្រឈមមុខដាក់គ្នាទាំងស្រុង ដើម្បីស្តារមកវិញនូវសន្តិភាព ។
លោកស្រី បានបញ្ជាក់ថា «ជាមួយគ្នានេះ ក្រសួងការពារជាតិ សូមអំពាវនាវ ដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូ ដែលបានខិតខំប្រឹងប្រែង ជួយឱ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយនេះ ជួយជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ ដោយមិនត្រឹមតែតាមរយៈពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែងផងដែរ ដោយបញ្ឈប់រាល់អំពើ រំលោភបំពានទាំងឡាយ និងរុះរើបន្លាលួស ដែលខ្លួនបានលួចដាក់ ចេញឱ្យអស់ជាបន្ទាន់ពីដែន អធិបតេយ្យរបស់កម្ពុជា»។
សូមរំលឹកថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការ មុនចូលនិវត្តន៍របស់ខ្លួន ដែលនៅសល់តែ ៥១ ថ្ងៃទៀត ដោយ ៖ ទី១- ដណ្តើមកាន់កាប់ប្រាសាទ តាក្របី ពីការគ្រប់គ្រងស្របច្បាប់ របស់កម្ពុជា និងទី២-ប្រកាសបិទប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាព ទឹកដីកម្ពុជា ។ ការប្រកាសនេះ ជាភស្តុតាង មិនអាចប្រកែក បានបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លាន ពានទឹកដីកម្ពុជា ដោយចេតនា និងគិតទុកជាមុន ៕
