ព័ត៌មានជាតិ

ក្រសួងបរិស្ថាន បន្តចែកកូនឈើចម្រុះ ជូនពលរដ្ឋយកទៅដាំ ដើម្បីឱ្យស្រប តាមរដូវកាល មានភ្លៀងធ្លាក់ឆ្នាំ២០២៥

ភ្នំពេញ ៖ ដើម្បីឱ្យស្របតាមរដូវកាលមានភ្លៀងធ្លាក់ ក្នុងរដូវវស្សាឆ្នាំ២០២៥ ក្រសួងបរិស្ថាន បន្តចែកកូនឈើចម្រុះ ជូនប្រជាពលរដ្ឋ ដើម្បីយកទៅដាំដោយឥតគិតថ្លៃ នៅតាមថ្នាលបណ្តុះកូនឈើ របស់មន្ទីរបរិស្ថានរាជធានី ខេត្ត និងតាមថ្នាលបណ្តុះកូនឈើ នានាទូទាំងប្រទេស ក្នុងមានថ្នាលបណ្តុះកូនឈើ ថ្នាក់តំបន់ ផងដែរ។

ក្រសួងបរិស្ថាន តាមយុទ្ធនាការផ្សព្វផ្សាយ និងចែកកូន ឈើក្រោមប្រធានបទ «ពន្លកបៃតង» ទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់សារធារណជន និងភាគីពាក់ព័ន្ធ រាប់ម៉ឺននាក់ ទៅទទួលយកកូនឈើ នៅតាមមន្ទីរបរិស្ថានរាជធានីខេត្ត ទូទាំងប្រទេស និង តាមថ្នាលបណ្តុះកូនឈើនានា របស់សហគមន៍ ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងថ្នាលបណ្តុះ កូនឈើថ្នាក់តំបន់ ដើម្បីយកទៅដាំតាមទីសាធារណៈ សាលារៀន វត្តអារាម គេហដ្ឋាន និងសហគមន៍ ក្នុងគោបំណងបង្កើនភាពបៃតង នៅក្នុងប្រទេសកម្ពុជា។

មន្ទីរបរិស្ថានរាជធានី ខេត្ត បានចែកជូនសាធារណៈជន ក្នុងថ្ងៃទី៩-១០ ខែសីហា ឆ្នាំ២០២៥ សរុបចំនួន ៥ ៥២២ដើម ក្នុងនោះមាន៖ កូនត្នោតចំនួន ៥១៦ដើម, កូនឈើព្រៃចម្រុះចំនួន ៤ ៦៩០ដើម, កូនឈើហូបផ្លែចំនួន ៨៦ដើម, កូនឈើលម្អចំនួន ២៣០ដើម។

ជាមួយនឹងលទ្ធផលនេះ ក្រសួងបរិស្ថាន បានចែកកូនឈើ់ រហូតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥ សរុបចំនួន១,៥លានដើម រួចមហើយ៕

To Top