ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិ បានបញ្ជាក់ថា សំដីរបស់មេបញ្ជាការ យោធភូមិភាគទី២របស់ថៃលោក ប៊ុនស៊ីន ផាត់ឃ្លាំង គឺការបង្កហេតុ និងមានចេតនាគិតទុកជាមុនក្នុងការបំពានកម្ពុជា ។
ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកស្រី ម៉ាលី សុជាតា បានថ្លែងថា “ការប្រកាសនេះ ជាភស្តុតាង ដែលមិនអាចប្រកែក បានបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនបង់ ឈ្លានពានទឹកដីកម្ពុជា ដោយចេតនានិងគិតទុកជាមុន។ ទង្វើមេបញ្ជាការ ភូមិភាគទី២របស់ថៃ ក៏ជាការរំលោភបំពានកិច្ចព្រមព្រៀង បទឈប់បាញ់”។
ការលើកឡើងរបស់លោកស្រីអ្នកនាំពាក្យនេះ បន្ទាប់ពីមេបញ្ជាការ យោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំងកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានប្រកាសផែនការ មុនចូលនិវត្តន៍របស់ខ្លួន ដែលនៅសល់តែ៥១ថ្ងៃទៀតថា នឹងដណ្តើមកាន់ កាប់ប្រាសាទតាក្របី ពីការគ្រប់គ្រងស្របច្បាប់ របស់កម្ពុជា និងប្រកាសបិទប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ៕
