ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ លើកទឹកចិត្តដល់វិនិយោគិន ពិចារណាសិក្សាពីលទ្ធភាព ក្នុងការវិនិយោគបន្ថែមនៅកម្ពុជា

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ច សង្គម សម្រាប់តំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិក (អេស្កាប់) បានលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ ឱ្យពិចារណាសិក្សាពីលទ្ធភាពក្នុងការវិនិយោគបន្ថែមនៅកម្ពុជា ស្របតាមទស្សនវិស័យ ដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីជំរុញការវិនិយោគ ដោយផ្ទាល់នៅកម្ពុជា ជាពិសេសរួមចំណែកក្នុងការអនុវត្ត «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» របស់រដ្ឋាភិបាលចិន និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន។

ក្នុងវេទិកាវិនិយោគនៅកម្ពុជា ជូន ចំពោះអ្នកវិនិយោគិនចិន ដែលរៀបចំដោយគណៈកម្មការ រៀបចំមហោស្រពម៉ាយី ហោចិន លើកទី១៩ ឆ្នាំ២០២៥ នៅទីក្រុងស៊ិនជិន ប្រទេសចិន នាពេលថ្មីៗនេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីទំនាក់ទំនងជាប្រវត្តិសាស្រ្ត និងប្រពៃណីរវាងប្រទេស និងប្រជាជននៃកម្ពុជា-ចិន ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការរួម ចំណែករបស់ប្រទេសចិន ក្នុងដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជា មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានហេដ្ឋរចនាសម្ព័ន្ធ ប្រកបដោយ គុណភាព រួមទាំងផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ព្រលានយន្តហោះ ប្រព័ន្ធគមនាគមន៍ អគ្គីសនី បណ្តាញចែកចាយទឹកស្អាត និងកម្លាំងពលកម្មវ័យក្មេងនិងសកម្ម ព្រមទាំងមានច្បាប់វិនិយោគលើកទឹកចិត្តវិនិយោគិន ដែលផ្តល់អំណោយផលយ៉ាងខ្លាំង ដល់ការវិនិយោគលើកគ្រប់វិស័យនៅកម្ពុជា ជាពិសេសកម្ពុជាក៏មានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ផងដែរ។

លោកទេសរដ្ឋមន្រ្តី បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ជូនចំពោះវិនិយោគិនទាំងអស់ ទទួលបាននូវកិច្ចការពារ ឱកាសវិនិយោគយ៉ាងច្រើនសន្ធឹកសន្ទាប់ និងជំនឿទុកចិត្ត សម្រាប់ការវិនិយោគនៅកម្ពុជា ដើម្បីឱ្យការធ្វើអាជីវកម្មរបស់វិនិយោគិន មានការរីកចម្រើនប្រកបដោយសុចរិតភាព៕

To Top