តាកែវ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានរៀបចំ«វេទិកាការងារ» ដើម្បីនាំយកព័ត៌មានឱកាសការងារចំនួន ១៦០កន្លែងទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ នៅឃុំរនាម និងឃុំខ្វាវ ស្រុកទ្រាំង ក្នុងខេត្តតាកែវ។

ការបើកវេទិកាការងារនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃមកចូលរួមចំនួន ២៧៧នាក់ និងមានអ្នកទទួលបានឱកាសការងារភ្លាមៗជិត ៨០នាក់ពីក្រុមហ៊ុនធំៗដែលកំពុងមានតម្រូវការកម្លាំងពលកម្ម។

លើសពីនេះ មន្រ្តីក្រសួង ក៏បានផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ៕








