ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ ជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ធ្វើឡើងតាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ មិនមែនកម្លាំងយោធានោះទេ

ភ្នំពេញ៖ លោក ប៉ែន​ បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសប្រាប់ប្រជាពលរដ្ឋខ្មែរ និងសហគមន៍ អន្តរជាតិថា ជំហររបស់កម្ពុជា ក្នុងការដោះស្រាយ បញ្ហាព្រំដែន ត្រូវធ្វើឡើងតាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ មិនមែនតាមកម្លាំងយោធានោះទេ ។

ការលើកឡើងរបស់លោក ប៉ែន បូណា ខាងលើនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី វេលាម៉ោង១១ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ។

ក្នុងនាមជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានរំលេចចំណុចសំខាន់ៗមួយចំនួន ដែលចាត់ទុកថា ជាខែការពារជាតិដ៏រឹងមាំ និងការពារបូរណភាពទឹកដីរបស់កម្ពុជា រួមមាន៖ ទី១ កម្ពុជាមានការដឹកនាំ និងបញ្ជារបស់ថ្នាក់ដឹកនាំ ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ដែលត្រូវបានព្រះមហាក្សត្រ ព្រះរាជទាននូវសិទ្ធិពេញលេញ ក្នុងការទំនាក់ទំនងជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅក្នុងកិច្ចការយោធា និងមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។ សម្តេចទាំងពីរ គឺជាថ្នាក់ដឹកនាំដ៏កក់ក្តៅបំផុត របស់ប្រជាពលរដ្ឋខ្មែរ ។

ទី២ កម្ពុជាមានវីរកងទ័ព និងវីរកងកម្លាំងប្រដាប់អាវុធ ដ៏អង់អាចក្លាហាន យ៉ាងស្វិតស្វាញ ក្រាញ់ននារមិនរាថយ ហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីឱ្យខានតែបាន​ ។ វីរភាពដ៏អង់អាចក្លាហាននេះ បានទទួលការគោរព កោតសរសើរ និងស្ងប់ស្ងែងយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក៏ដូចជាពីសំណាក់មជ្ឈដ្ឋានខាងក្រៅជាច្រើនផ្សេងទៀត ។

ទី៣ កម្ពុជាមានកម្លាំងមហាសាមគ្គី និងឯកភាពជាតិដ៏រឹងមាំ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា មិនថាទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក មិនថាជាក្មេងចាស់ប្រុសស្រី គឺបានវិញគ្នាជាថ្លុងមួយ លើកស្ទួយមោទនភាពជាតិខ្មែរ ស្រែកទាមទារសន្តិភាព និងចូលរួមការពារបូរណភាពទឹកដី យ៉ាងសស្រាក់សស្រាំ នៅពីក្រោយរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុ ។ និងទី៤ គឺការចូលរួមពីសហគមន៍អន្តរជាតិ មានដូចជាក្រុមអ្នកសង្កេតការណ៍អន្តរការណ៍ បេសកកម្មការទូត អនុព័ន្ធយោធាបរទេស ហើយជាពិសេសគឺថា សហរដ្ឋអាមេរិក ចិន ម៉ាឡេស៊ី ដែលបានដើរតួនាទីគន្លឹះ នៅក្នុងការសម្រេចបានបទឈប់បាញ់ ដែលចូលជាធរមាន នៅពាក់កណ្តាលអាធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ ពួកគេគឺជាសាក្សីយ៉ាងសំខាន់ នៅក្នុងការអនុវត្តបទឈប់បាញ់ និងអាចវាយតម្លៃយ៉ាងច្បាស់ថា តើភាគីណា ជាអ្នកបំពានកិច្ចព្រមព្រៀងឈប់បាញ់ និងគោរពបទឈប់បាញ់នោះ ។

បន្ថែមលើនេះ លោក ប៉ែន បូណា គូសបញ្ជាក់សារជាថ្មី ជូនប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិថា ជំហររបស់កម្ពុជា គឺការដោះស្រាយបញ្ហាព្រំដែន ត្រូវធ្វើឡើងតាមយន្តការបច្ចេកទេស ហើយនិងយន្តការច្បាប់អន្តរជាតិ មិនមែនដោះស្រាយ តាមមធ្យោបាយប្រើកម្លាំងយោធានោះទេ៕

To Top