ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា អស់រយៈពេល១៣ថ្ងៃហើយចាប់តាំងពីថ្ងៃចាប់ខ្លួនកាលពីថ្ងៃ២៩កក្កដា រហូតមកដល់ថ្ងៃ១១ សីហានេះ ដែលភាគីថៃមិនព្រមដោះលែងនិងបញ្ជូនទាហានខ្មែរទាំង១៨រូបមកកម្ពុជាវិញ ។
ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់ រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា រយៈពេល១៣ថ្ងៃហើយ ដែលទាហានខ្មែរទាំង១៨នាក់ ត្រូវបានទាហានថៃចាប់ខ្លួនមកនោះ គឺមិនទាន់មានការដោះលែងនៅឡើយទេ ។ ដោយសារអស់រយៈពេលជិតកន្លះខែដែលភាគីថៃមិនទាន់ដោះលែងនោះ ក្នុងនាមជាអ្នកនាំពាក្យក្រសួងការពារជាតិលោកជំទាវនៅតែបន្តអំពាវនាវ ឲ្យដោះលែងទ័ពកម្ពុជាទាំង១៨នាក់មកវិញឲ្យឆាប់ជាទីបំផុត ។
លោកជំទាវគូសបញ្ជាក់ថា “កម្ពុជាបន្តស្នើឲ្យភាគីថៃឆាប់បញ្ជូនកងកំលាំង របស់យើងទាំង១៨រូបឲ្យត្រឡប់មកវិញជាបន្ទាន់ ស្របតាមច្បាប់ មនុស្សធម៌អន្តរជាតិ និងស្របទៅតាមការអំពាវនាវ យ៉ាងទទូចពីបណ្តាប្រទេសជាដៃគូ និងស្ថាប័នអន្តរជាតិជាច្រើន ។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិនឹងបន្តទាមទារ រហូតដល់ភាគីថៃបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ”។
ចំពោះករណីនេះលោកស្រីបានសង្កត់ធ្ងន់ថា “យើងមិនទុកសមាជិកគ្រួសារយើងណាម្នាក់ចោល និងឯកោជាដាច់ខាត”៕
