ព័ត៌មានជាតិ

ប្រមុខការទូតខ្មែរ នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ-ឡានឆាងលើកទី១០ នៅទីក្រុងអាននឹង ខេត្តយូណាន ប្រទេសចិន

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងអាននឹង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នាថ្ងៃទី១១ សីហានេះ បានឲ្យដឹងថា ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី១០ បណ្តារដ្ឋមន្ត្រីការ បរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងធ្វើការវាយតម្លៃទៅលើវឌ្ឍនភាពដែលសម្រេចបាន ក្រោមផែនការ សកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧) កំណត់ទិសដៅអនាគតសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងពង្រឹងចំណងមិត្តភាព និងការគាំទ្រ ទៅវិញទៅមករវាងបណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាង ក្នុងស្មារតីលើកកម្ពស់ការអភិវឌ្ឍប្រកប ដោយចីរភាព និងការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌ នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។

ស្របពេលជាមួយកិច្ចប្រជុំខាងលើ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងទទួល ជួបពិភាក្សាទ្វេភាគីជាមួយលោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសផ្សេងៗទៀត ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ៕

To Top