អ្នកនាំពាក្យរាជរដ្ឋាភិបាល`៖ ក្រោយប៉ះទង្គិចប្រដាប់អាវុធជាមួយថៃ ធ្វើឱ្យយើងយល់ច្បាស់ ពីឆន្ទៈប្តូរផ្តាច់ការពារសន្តិភាព របស់ថ្នាក់ដឹកនាំកម្ពុជា

ភ្នំពេញ៖ លោក ប៉ែន បូណាអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងថា ការប៉ះទង្គិចប្រដាប់អាវុធ រយៈពេល៥ថ្ងៃ ជាមួយប្រទេសថៃ បានបង្ករផល់ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងខាងយោធា និងជនស៊ីវិល ដែលធ្វើឱ្យយើងអាចយល់ ពីអត្ថន័យសន្តិភាព និងយល់ច្បាស់ពីឆន្ទៈប្តូរផ្តាច់ ការពារសន្តិភាពរបស់ថ្នាក់ដឹកនាំកម្ពុជា ។
ក្នុងសន្និសីទព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី វេលាម៉ោង៤រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការប៉ះទង្គិចប្រដាប់អាវុធ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៨ ខែកក្កដា ឆ្នាំ២០២៥ បានបង្ករផល់ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងខាងយោធា និងជនស៊ីវិល ជាក់ស្តែងទីតាំងស៊ីវិលជាច្រើន បានរងការបំផ្លិចបំផ្លាញ ដោយគ្រាប់បែករបស់កងទ័ពថៃ ដូចជាវត្តអារាម មណ្ឌលសុខភាព សាលារៀន ភូមិឋាន ផ្ទះសម្បែង ដែលបណ្តាឱ្យជនស៊ីវិលស្លាប់ និងរងរបួស និងមានជនភៀសសឹករាប់សែននាក់ ក្នុងនោះមានទាំងកុមារ ចាស់ជរា និងស្ត្រីផងដែរ ។
ផលប៉ះពាល់ដែល អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ លើកឡើងខាងលើ នៅមិនទាន់រាប់ផលប៉ះពាល់ រយៈពេលយូរ ដែលបណ្តាមកពីកាកសំណល ដែលបន្សល់ទុក ដូចជាគ្រាប់បែក MK-84 គ្រាប់បែកចង្កោម គ្រាប់បែកផ្សេងៗទៀត ដែលមិនទាន់ផ្ទុះ ហើយដែលកំពុងកប់នៅក្នុងដីនោះទេ ។
លោក ប៉ែន បូណា មានប្រសាសន៍ថា “មកដល់ត្រឹមនេះ យើងអាចយល់ពីអត្ថន័យសន្តិភាព និងអត្ថន័យនៃការទទូចចង់បានសន្តិភាព និងយល់ច្បាស់ពីឆន្ទៈប្តូរផ្តាច់ ការពារសន្តិភាពរបស់ថ្នាក់ដឹកនាំយើង និងប្រជាពលរដ្ឋយើង” ។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងអំណរគុណ ដល់អង្គទូតនាន ប្រចាំកម្ពុជា និងអនុព័ន្ធយោធាបរទេស ក៏ដូចជាអនុព័ន្ធយោធាអាស៊ាន រួមទាំងដៃគូអន្តរជាតិពាក់ព័ន្ធផ្សេងទៀត ដែលបានចុះទៅដល់តំបន់ ដែលរងផលប៉ះពាល់ ដើម្បីបានឃើញផ្ទាល់ភ្នែក នូវវិនាសកម្ម ដែលបង្កឡើងដោយកងទ័ពថៃ មកលើជនស៊ីវិល និងទីតាំងស៊ីវិលរបស់កម្ពុជា៕
