អភិបាលខេត្តកំពង់ចាម ចុះអន្តរាគមន៍ដោយផ្ទាល់ បន្ទាប់ពីមានអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ក្នុងក្រុងកំពង់ចាម

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះអន្តរាគមន៍ដោយផ្ទាល់ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅភូមិទី១៣ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា នៅវេលាម៉ោង ១៦:៤០នាទី ថ្ងៃកើតហេតុ កម្លាំងជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថា មានករណីអគ្គីភ័យ ឆេះផ្ទះ ដែលម្ចាស់ផ្ទះឈ្មោះ ជា សាវ៉េត ភេទប្រុស អាយុ ៥២ឆ្នាំ ស្ថិតក្នុងភូមិសង្កាត់ដូចខាងលើ ។ ក្រោយពីទទួលព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាកម្លាំងនគបាល នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម សហការណ៍ជាមួយកម្លាំងការិយាល័យបង្កាពន្លត់អគ្គិភ័យ និងសង្គ្រោះ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល និងកម្លាំងអធិការនគរបាលស្រុកកំពង់សៀម ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងបួនសង្កាត់ ចេញអន្តរាគមន៍ជាបន្ទាន់ ដល់កន្លែងកើតហេតុ។

ប្រភពដដែលបានឲ្យដឹងទៀតថា ករណីអគ្គីភ័យខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ០៥ គ្រឿង គឺរថយន្តពន្លត់អគ្គីភ័យខេត្ត ០៣គ្រឿង,ស្រុកកំពង់សៀម ០១គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ០១គ្រឿង និងបានប្រើប្រាស់ទឹក ជួយពន្លត់ អស់ចំនួន ១៤រថយន្តទើបអគ្គីភ័យនោះ ត្រូវបានរលត់១០០% នៅវេលាម៉ោង ១៨ និង០០នាទី ។
ប្រភពដដែលបានឲ្យដឹងទៀតថា ករណីអគ្គីភ័យនោះ សមត្ថកិច្ចបានដាក់ការសង្ស័យ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ប៉ុន្តែយ៉ាងណាក៏ដោយ ករណីនេះ មិនបណ្ដាលឲ្យនានរបួសដល់មនុស្សសត្វនោះឡើយ ។ ចំពោះការខូចខាត សមត្ថកិច្ចកំពុងធ្វើការប្រមូលព័ត៌មាន ៕
