ព័ត៌មានជាតិ

ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់ កាកាបទី១ រៀបចំវេទិកាសាធារណៈ ដើម្បីស្តាប់សំណើរ សំណូមពរ ដោយផ្ទាល់ពីបងប្អូន ប្រជាពលរដ្ឋ

ភ្នំពេញ៖ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ លោក​ សោម ចំណាន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់ កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតី បើកវេទិកាសាធារណៈថ្នាក់សង្កាត់ ដោយមានការ ចូលរួមពីក្រុមប្រឹក្សាសង្កាត់ អនុប្រធាន និងសមាជិកក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កាកាបទី១ រដ្ឋបាលសង្កាត់ នៅភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វេទិកាត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីចុះជួបប្រាស្រ័យផ្ទាល់ ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន លើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនង រវាងរាជរដ្ឋាភិបាល ស្វែងយល់អំពីជីវភាពរស់នៅ និងអាចស្តាប់បាននូវទុក្ខកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានា ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងវេទិកានេះ លោក​ សោម ចំណាន បានធ្វើការផ្សព្វផ្សាយអំពីឱកាសការងារ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ TVET ១,៥លាននាក់ និងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម (ប.ស.ស.) ទៅកាន់ប្រជាពលរដ្ឋមូលដ្ឋាន ឱ្យបានដឹង និងចូលរួមធ្វើការផ្សព្វផ្សាយបន្ត ។ ជាមួយគ្នានេះ លោកបានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ ជួយគាំទ្រផលិតផលក្នុងស្រុកឱ្យបានច្រើន ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋខ្មែរ៕

To Top