កម្ពុជា បន្ដអំពាវនាវឲ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀង និងប្រគល់មកឲ្យកម្ពុជា នូវនាយទាហានចំនួន១៨រូប

ភ្នំពេញ ៖ កម្ពុជា បន្ដអំពាវនាវឲ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀង និងប្រគល់មកឲ្យកម្ពុជានូវនាយទាហានចំនួន ១៨រូប ហើយមកទល់ពេលនេះ មានរយៈពេល ១៤ថ្ងៃហើយ ដែលទាហានកម្ពុជា ត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមាន។
ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងអំណរគុណដល់ដៃគូ និងស្ថាប័នអន្ដរជាតិជាច្រើន បានចូលរួមចំណែកអំពាវនាវម្ដងហើយ ម្ដងទៀត ឲ្យភាគីថៃ ដោះលែងនាយទាហានកម្ពុជា ឲ្យបានឆាប់រហ័សផងដែរ។
លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា «កម្ពុជានៅតែបន្ដអំពាវនាវឲ្យភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀង និងប្រគល់មកឲ្យកម្ពុជានូវនាយទាហានចំនួន១៨រូប ដែលត្រូវបានភាគីថៃចាប់ខ្លួនក្រោយបទឈប់បាញ់ដោយខុសច្បាប់។ ហើយគិតមកដល់ពេលនេះ គឺមានរយៈពេល ១៤ថ្ងៃហើយ ដើម្បីឲ្យពួកគាត់អាចត្រឡប់មកជួបជុំគ្រួសារវិញ ហើយគ្រួសាររបស់គាត់កំពុងរង់ចាំទាំងយប់ ទាំងថ្ងៃ»។
លោកស្រី ឧត្តមសេនីយ៍ឯក បន្ដថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្ដរជាតិ នឹងបន្ដទាមទាររហូតដល់ភាគីថៃបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្ដរជាតិ ហើយកម្ពុជានឹងមិនទុកសមាជិកគ្រួសារណាម្នាក់ចោល ឲ្យនៅឯកោជាដាច់ខាត។
សូមរំលឹកថា ក្រោយបទឈប់បាញ់ចូលជាធរមាន នៅយប់រំលងអធ្រាត ថ្ងៃទី២៩ កក្កដា ថៃ បានចាប់ខ្លួនទាហានខ្មែរ ២០រូប ហើយបានដោះលែងមកវិញ ២រូប កាលពីថ្ងៃទី១ សីហា។ ទាហានខ្មែរ ២រូប ដែលថៃបានដោះលែងមកវិញ មានស្ថានភាពសុខភាពធ្ងន់ធ្ងរ ហើយត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ដោយស្ថិតក្រោមការយកចិត្តទុកដាក់ពិនិត្យមើលសុខភាពជាប្រចាំ៕
