ព័ត៌មានជាតិ

CMAC ៖ សង្គ្រាម ៥ថ្ងៃ សៀមបានប្រើកាំភ្លើងធំ ជាមួយកូនគ្រាប់បែកចង្កោម ប្រភេទM46 មកលើកម្ពុជា ក្នុងប្រតិបត្តិការ ឈ្លានពានទឹកដី

ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា សង្គ្រាមរយៈពេល ៥ថ្ងៃ ភាគីសៀម បានប្រើប្រាស់កាំភ្លើងធំ១១៥មម ជាមួយកូនគ្រាប់បែកចង្កោម ប្រភេទM46 មកលើកម្ពុជា ក្នុងប្រតិបត្តិការ ឈ្លានពានទឹកដី។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោក ហេង រតនា បានបញ្ជាក់ថា «ការស្រាវជ្រាវ និងកំណត់តំបន់រងផលប៉:ពាល់ដោយសារគ្រាប់បែកចង្កោម! ក្នុងសង្គ្រាមរយៈពេល ៥ថ្ងៃកន្លងទៅថ្មីៗនេះ ភាគីសៀមបានប្រើប្រាស់ កាំភ្លើងធំ ១១៥មម ជាមួយកូនគ្រាប់បែក ចង្កោមប្រភេទM46 ដែលក្នុងគ្រាប់ផ្លោងមួយ គ្រាប់មានកូនគ្រាប់បែកចង្កោម M46នេះចំនួន៥៦» ។

លោក អគ្គនាយក បន្ដថា កូនគ្រាប់បែកចង្កោម ដែលបាញ់ហើយមិនផ្ទុះ មានហានិភ័យខ្ពស់ណាស់ ដោយអាចបង្កគ្រោះថ្នាក់ គ្រប់ពេលវេលា គ្រាប់បែកចង្កោមទាំងនោះ អាចស្ថិតនៅលើដើមឈើ ឬលើដំបូលផ្ទះ ឬលើដី ឬក្នុងដី ឬក្នុងទឹកជាដើម។

កម្លាំងអង្គភាព CMAC បានរកឃើញគ្រាប់បែកខាងលើនេះ នៅភូមិសាស្ត្រមួយចំនួន និងកំពុងតែមមាញឹកចុះស្រាវជ្រាវ ហ៊ុំព័ទ្ធដាក់ស្លាកសញ្ញា និងធ្វើការបោសម្អាតផ្តល់ សុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោក អគ្គនាយក ក៏បានអំពាវនាវ ប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយត្ន័ខ្ពស់ នៅតំបន់រងផលប៉ះពាល់ ដោយគ្រាប់បែកចង្កោមនៅតាមភូមិឋានក្នុងស្រុកសំរោង ស្រុកបន្ទាយអំពិល នៃខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ។

សូមបញ្ជាក់ថា ច្បាប់អន្តរជាតិហាមប្រើប្រាស់ គ្រាប់បែកចង្កោម បានចូលជាធរមាននៅឆ្នាំ២០១០ និងមានប្រទេស ចំនួន១២៣ចូលរួមក្នុងអនុសញ្ញាអន្តរជាតិមួយនេះ ។ ក្នុងករណីប្រជាពលរដ្ឋ បានឃើញ ឬសង្ស័យគ្រាប់បែកចង្កោម ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទាក់ទងមន្ត្រីជំនាញ អង្គភាពស៊ីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ឬកងកម្លាំងនគរបាលជាតិ នៅជិតបំផុត ដើម្បីជួយដោះស្រាយជូន ៕

To Top