ព័ត៌មានជាតិ

កម្ពុជា ទាមទារឱ្យភាគីថៃ ដកកងកម្លាំងយោធា និងឧបករណ៍ទាំងអស់ ចេញពីទឹកដីកម្ពុជា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានទាមទារឱ្យភាគីថៃ ដកកងកម្លាំងយោធា និងឧបករណ៍ទាំងអស់ ចេញពីទឹកដី ប្រទេសកម្ពុជា ។ នេះជាការលើកឡើងរបស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។

ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ជុំ សុន្ទរី បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជា ទាមទារ ឱ្យរាជរដ្ឋាភិបាលថៃ និងកងកម្លាំងយោធាថៃ ទីមួយ បញ្ឈប់ជាបន្ទាន់ នូវរាល់ការឈ្លានពាន និង រាល់ការកាន់កាប់ដោយខុសច្បាប់ និងសកម្មភាពផ្សេងៗទៀត ដែលរំលោភបំពាន ដែនអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់កម្ពុជា ទីពីរ កងកម្លាំងយោធាថៃ និងឧបករណ៍ទាំងអស់ ចេញពីទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រឡប់ទៅទីតាំងដែលស្របទាំងស្រុង ជាមួយព្រំដែនដែលត្រូវ បានកំណត់ដោយស្របច្បាប់»។

ទន្ទឹមនឹងនេះ កម្ពុជា ក៏ជំរុញឱ្យភាគីថៃ អនុវត្តឱ្យបានពេញលេញ និងគ្មានលក្ខខណ្ឌ នូវរាល់កាតព្វកិច្ចទាំងទ្វេភាគី និងអន្តរជាតិ រួមមានកិច្ចព្រមព្រៀងឈប់បាញ់ ចុះថ្ងៃទី២៨ ខែកក្កដា និងកំណត់ហេតុព្រមព្រៀង ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥៕

To Top