អ្នកនាំពាក្យ ក្រសួងការពារជាតិ ៖ កម្ពុជា-ថៃ ត្រូវបង្ហាញឆន្ទៈ ការប្តេជ្ញាចិត្ត ការគោរពអនុវត្ត ដោយស្មោះត្រង់ ពិតប្រាកដ ស្របតាមអ្វី ដែលឯកភាពគ្នារួចហើយ

ភ្នំពេញ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីឱ្យលទ្ធផល នៃកិច្ចជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ទទួលបានផលជាវិជ្ជមាន ប្រកបដោយផ្លែផ្កា និងជាឧត្តមប្រយោជន៍ សម្រាប់ប្រទេសទាំងពិរ កម្ពុជា-ថៃ ត្រូវបង្ហាញឆន្ទៈ ការប្តេជ្ញាចិត្ត ការគោរពអនុវត្តដោយស្មោះត្រង់ ពិតប្រាកដ ស្របតាមអ្វី ដែលឯកភាពគ្នារួចហើយ ។
ថ្លែងក្នុងសន្និសីទសារព័តព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្តីការគណៈរដ្ឋមន្ត្រី វេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រី ម៉ាលី សុជាតា បានលើកឡើងថា ជាលទ្ធផលវិជ្ជមាន ដែលកើតចេញ ពីកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) បានឆ្លុះបញ្ចាំឱ្យឃើញនូវការតាំងចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការសហការគ្នា ជំរុញឱ្យមានសន្តិភាពយូរអង្វែង ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍដើម្បីជាប្រយោជន៍រួម សម្រាប់ប្រទេសទាំងពីរ ។
នៅក្នុងនោះលោកស្រីអ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ដូច្នេះជំហ៊ានដែលសំខាន់បំផុត គឺភាគីទាំងពីរ ត្រូវតែបង្ហាញឆន្ទៈ ការប្តេជ្ញាចិត្ត ការគោរពអនុវត្តដោយស្មោះត្រង់ពិតប្រាកដ ជាក់ស្តែងស្របជាមួយនឹងអ្វី ដែលបានឯកភាពគ្នារួចហើយ ។
ចំពោះស្ថានភាពតាមបន្ទាត់ព្រំដែន គិតត្រឹមម៉ោង១០និង០០នាទីព្រឹកនេះ តំបន់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បន្តមានសភាពស្ងប់ស្ងាត់ ខណៈកងកម្លាំងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបំពេញតួនាទីរស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុត៕
