ព័ត៌មានជាតិ

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសាកល្បង ហោះហើរ នៅថ្ងៃ១៥ សីហា មុនបើកដំណើរ

ភ្នំពេញ ៖ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា ការហោះហើរសាកល្បងយន្តហោះ A320 នៅថ្ងៃទី១៥មុខនេះ គឺជាការសាកល្បងចុងក្រោយបង្អស់ មុនដំណើរការជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៩ ខែកញ្ញា ។

ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យ លើវឌ្ឍនភាពរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី១១ សីហា លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់បានថ្លែងថា ការហោះហើរសាកល្បងចុងក្រោយ មានគោលបំណងត្រួតពិនិត្យ រាល់ឧបករណ៍បច្ចេកទេសទាំងអស់ ដែលគាំទ្រដំណើរការអាកាស យានដ្ឋានអន្តរជាតិតេជោកម្រិត4F ។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់បាន ១០០% ខណៈព្រលានថ្មីនេះ គ្រោងបើកដំណើរការនៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ ។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិកតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចឲ្យយន្តខ្នាតធំចុះចត បានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១ ៕

To Top