ព័ត៌មានជាតិ

កម្ពុជា ដាក់ជូនផែនការជាតិ រួមចំណែកឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ (NDC 3.0) ដោយជោគជ័យ ទៅ UN

ភ្នំពេញ ៖ ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ជូនយ៉ាងជោគជ័យ នូវផែនការជាតិរួមចំណែកឆ្លើយ តបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ទៅកាន់អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី១២ សីហា នេះ ថា ការដាក់ជូននូវផែនការជាតិនេះ សបញ្ជាក់ពីការប្តេជ្ញាចិត្ត ឥតងាករេរបស់កម្ពុជាក្នុងការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុសកល និងដើម្បីសម្រេចគោលបំណង នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ។ NDC 3.0 របស់កម្ពុជាបានគូសបញ្ជាក់អំពីការ ពង្រឹងគោលដៅក្នុងការកាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់និងការបន្ស៊ាំ នឹងការប្រែប្រួលអាកាសធាតុ យុទ្ធសាស្ត្រតាមវិស័យ និង ការអនុវត្តវិធានការឆ្លើយតប ដែលឆ្លុះបញ្ចាំងពីមហិច្ឆតារបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅរកមាគ៌ា នៃការអភិវឌ្ឍដែលបញ្ចេញកាបូនតិច និងធន់នឹងអាកាសធាតុ។

NDC 3.0 ត្រូវបានរៀបចំឡើងដោយផ្អែកលើ NDCs ដែលបានរៀបចំកន្លងមក ដោយមានការរួមបញ្ចូលនូវបទពិសោធន៍ គោលនយោបាយថ្មីៗ ការវិភាគវិទ្យាសាស្ត្រ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធប្រកបដោយបរិយាបន្ន។ NDC 3.0 មានគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% ឬស្មើនឹងប្រមាណ ៧៣.៧ MtCO2e (លានតោននៃសមមូលឧស្ម័នកាបូនិក) នៅឆ្នាំ ២០៣៥ ក្រោមសេណារីយ៉ូមានលក្ខខណ្ឌ។ កម្ពុជាត្រូវការថវិកាប្រមាណ ៣២.២២៩ ពាន់លានដុល្លារអាម៉េរិក ដើម្បីសម្រេចនូវសកម្មភាពអាកាសធាតុ ទាំងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ។

កម្ពុជា នៅតែបន្តប្តេជ្ញាចិត្តឥតងាករេ ក្នុងការចូលរួមចំណែកកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីកំណត់ការកើនឡើងកម្តៅផែនដីឱ្យនៅក្រោមកម្រិត ២ អាង្សារសែសស៊ុស និង បន្តកិច្ចខិតខំប្រឹងប្រែងនានា សំដៅកំណត់ការកើនឡើងសីតុណ្ហភាពក្រោម ១.៥ អាង្សារសែសស៊ុស ធៀបនឹងកម្រិតមុនបដិវត្តន៍ ឧស្សាហកម្ម ៕

To Top