ព័ត៌មានជាតិ

កម្ពុជា ច្រានចោល ការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន របស់ថៃ មកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសទាហានថៃ ដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ

ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសច្រានចោលទាំងស្រុងការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃ មកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួស របស់ទាហានថៃ ដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ នារសៀលថ្ងៃទី១២ សីហា នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ។

កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មី ជាដាច់ខាត ។ កម្ពុជាគឺ ជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាម ការប្រើប្រាស់មីន ប្រឆាំងមនុស្ស ដែលកម្ពុជា បានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំង នឹងមនុស្សនោះឡើយ ។

កម្ពុជា ធ្វើការគូសបញ្ជាក់ផងដែរថា មកទល់ពេលនេះ មិនមានការស៊ើបអង្កេតផ្លូវការ និង មានតម្លាភាព ដើម្បីបញ្ជាក់ការពិតនៅឡើយ ពាក់ព័ន្ធនឹងបញ្ហានេះ។ មួយវិញទៀត កម្ពុជា ក៏តែងតែបានរំឭកភាគីថៃ ជាច្រើនលើកច្រើនសារថា តំបន់ទាំងនេះនៅមានគ្រាប់មីន ដែលជាសំណល់ពីសង្គ្រាមជាច្រើនគ្រាប់ ហេតុដូចនេះគ្រប់ភាគីពាក់ព័ន្ធគួរចៀសវាង ការធ្វើសេចក្តីសន្និដ្ឋានជាសាធារណណាមួយ មុនពេលរកឃើញការពិត និងផ្តល់យុត្តិធម៌ សម្រាប់ទាំងអស់គ្នា ដើម្បីបញ្ចៀសការយល់ច្រឡំ ឈានដល់ការប្រឈមមុខដាក់គ្នា នាំឱ្យមានភាពតានតឹងកើតឡើងសាជាថ្មី ។

កម្ពុជា គូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុត នូវការប្តេជ្ញាចិត្តឥតងាក រេរបស់ខ្លួន ក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវបទឈប់បាញ់ ដែលបានសម្រេច កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែន ទូទៅកម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលចូលរួមសង្កេតការណ៍ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន ។

កម្ពុជាអំពាវនាវឱ្យភាគីថៃ គោរពនូវលក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនទូទៅ(GBC) ដែលថា”ភាគីទាំងពីរ បានព្រមព្រៀងគ្នារក្សាកម្លាំងយោធា របស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើង ក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង១២ អធ្រាត្រ (ម៉ោងក្នុងតំបន់) កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាត ទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ ។

សាជាថ្មីម្តងទៀត ក្រសួង អំពាវនាវដល់ភាគីថៃប្រកាន់ខ្ជាប់នូវស្មារតីបទឈប់បាញ់ ឈានទៅរកដំណោះស្រាយជម្លោះតាមគោលការណ៍ដែលភាគីទាំងពីរ រួមទាំងការប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) នៅពេលខាងមុខ ។ ការអនុវត្តបទឈប់បាញ់ បានពេញលេញរបស់ភាគីទាំងសងខាង នឹងធ្វើឱ្យបរិយាកាសមានភាព អំណោយផលឆ្ពោះទៅការនាំមកវិញ នូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលជាអ្វីមិនត្រឹមតែប្រជាជនយើងទាំងពីរចង់បានប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូល ក៏ចង់ឃើញផងដែរ តាមរយៈការចេញសារជាច្រើនក្នុងការសម្តែងការអបអរសាទរ និងការគាំទ្រចំពោះកិច្ចព្រមព្រៀង បទឈប់បាញ់ និងលទ្ធផលជាវិជ្ជមាន នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ។

ការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការប្រកបដោយស្មារតីស្ថាបនា ដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ ដូចជាសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិនជាដើម ដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ៕

To Top