ព័ត៌មានជាតិ

ក្រសួងអប់រំ ទទួលសំណើសុំអាហារូបករណ៍ សម្តេចតេជោ ពីនិស្សិតត្រឡប់មកពីថៃវិញចំនួន ៦៥៩នាក់

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានទទួលសំណើសុំអាហារូបករណ៍ សម្តេចតេជោ ពីនិស្សិតខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ចំនួន ៦៥៩នាក់។

នាឱកាសអញ្ជើញទទួលជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាវិលត្រឡប់ពីប្រទេសថៃ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា នៅថ្ងៃទី១២ សីហា នេះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឆ្លើយតបនឹងកង្វល់ ក៏ដូចជា បញ្ហាមួយចំនួនរបស់និស្សិតពាក់ព័ន្ធនឹងការដាក់សំណើសុំអាហារូបករណ៍បន្តការសិក្សាក្នុងស្រុក ជាពិសេសបានសម្របសម្រួលឱ្យមានការជួបផ្ទាល់ជាមួយតំណាងសាកលវិទ្យាល័យ ដើម្បីស្វែងយល់ពីលក្ខខណ្ឌផ្សេងៗគ្នាតាមសាកលវិទ្យាល័យនីមួយៗ និងបានស្នើសុំឱ្យខាងសាលាជួយសម្រួលដំណើរការនៃការចូលរៀនបន្តនេះឱ្យបានឆាប់រហ័សផងដែរ។

តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន, ក្រសួងអប់រំ យុវជន និងកីឡា បានទទួលសំណើសុំអាហារូបករណ៍សម្តេចតេជោពីក្មួយៗនិស្សិតគិតត្រឹមថ្ងៃនេះ សរុបចំនួន៦៥៩នាក់ ក្នុងនោះលើកទី១ចំនួន១៧៩នាក់ និងលើកទី២ចំនួន៤៨៧នាក់ (បណ្ឌិត២២នាក់ បរិញ្ញាបត្រជាន់ខ្ពស់៥៥នាក់ បរិញ្ញាបត្រ៥៧៩ បរិញ្ញាបត្ររង១១នាក់ និងផ្សេងៗ ២នាក់)។

បច្ចុប្បន្ន ក្រសួងកំពុងសម្របសម្រួលទទួលយកនិស្សិតឱ្យចូលរៀនដោយមិនបង់ថ្លៃទៅតាមជំនាញ ដែលសាមីខ្លួនស្នើសុំនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ និស្សិតកម្ពុជាដែលកំពុងសិក្សាក្នុងប្រទេសថៃទាំងរូបភាពបង់ថ្លៃ និងអាហារូបករណ៍មានចំនួនសរុប១៨៧១នាក់។ ចាប់តាំងពីមានភាពតានតឹង រហូតដល់មានការផ្ទុះអាវុធនៅតាមបណ្តាយព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ និស្សិតកម្ពុជាបានសម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ និស្សិតចំនួនប្រមាណ៨០០នាក់ បានចាកចេញពីប្រទេសថៃមក ដល់ កម្ពុជា ហើយនិស្សិតមួយចំនួនទៀតក៏មានគម្រោងធ្វើដំណើរត្រឡប់មកវិញផងដែរ៕

To Top