ក្រសួងការពារជាតិ ៖ សភាពការណ៍ តាមបណ្ដោយព្រំដែន ទិសខេត្តព្រះវិហារ និងឧត្តរមានជ័យមាន មានសភាពស្ងប់ស្ងាត់

ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងឱ្យដឹងថា គិតព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យមាន មានសភាពស្ងប់ស្ងាត់។
ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា កងកម្លាំងកម្ពុជា បានបន្តប្រុងប្រយ័ត្នខ្ពស់ ក្នុងការបំពេញតួនាទីបានយ៉ាងខ្ជួន។
អ្នកនាំពាក្យ បានថ្លែងថា «គិតចាប់ពីម៉ោង ១២យប់រំលងអាធ្រាត្រ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ មកដល់ម៉ោង ៦៖០០នាទីសភាពការណ៍ នៅជួរមុខតាមបណ្ដោយព្រំដែន នៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យមាន មានសភាពស្ងប់ស្ងាត់»។
អ្នកនាំពាក្យ បន្ដថា ក្រសួងការពារជាតិកម្ពុជា ប្រកាសច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន ច្បាស់លាស់របស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។
អ្នកនាំពាក្យ បន្ថែមថា កម្ពុជា នៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺ មិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មី ជាដាច់ខាត ។ កម្ពុជា គឺជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាម ការប្រើប្រាស់មីន ប្រឆាំងមនុស្ស ដែលកម្ពុជាបាន ផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីន ប្រឆាំងនឹងមនុស្សនោះឡើយ៕
