លោក ហួត ហាក់ ឱ្យត្រៀមវិធានការឆ្លើយតប ឱ្យទាន់ពេលវេលា ទៅតាមជំនាញរៀងៗខ្លួន ចំពោះបញ្ហាប្រឈមថ្មីៗ

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើការណែនាំ ដល់មន្ត្រីគ្រប់ជំនាញ គ្រប់ផ្នែកទាំងអស់ ត្រៀមវិធានការឆ្លើយតប ឱ្យបានទាន់ពេលវេលា ទៅតាមជំនាញរៀងៗខ្លួន ចំពោះបញ្ហាប្រឈមថ្មីៗ ក៏ដូចជាវិបត្តិ ដែលអាចលេចឡើង ក្នុងស្ថានភាពមិនប្រាកដប្រជា ។
ការណែនាំរបស់លោក ហួត ហាក់ ខាងលើនេះធ្វើឡើង ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ អង្គភាពចំណុះក្រសួងទេសចរណ៍ និងវាយតម្លៃវឌ្ឍនភាពការងារ នៅតាមអង្គភាពនីមួយៗ ចំណុះក្រសួងទេសចរណ៍ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ត្រៀមឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ ក៏ដូចជាវិបត្តិដែលអាចលេចឡើង ក្នុងស្ថានភាពមិនប្រាកដប្រជា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ។
ក្នុងកិច្ចប្រជុំខាងលើនេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានណែនាំដល់អង្គភាពទាំងអស់ ត្រូវដាក់ចេញផែនការ, ចាត់តាំងការអនុវត្តការងារដោយបុរេសកម្ម, សកម្ម និង អន្តរសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងម្ចាស់ការ ព្រមទាំងវាយតម្លៃ លទ្ធផលការងារជាប់ជាប្រចាំ សំដៅត្រៀមវិធានការឆ្លើយតប ឱ្យបានទាន់ពេលវេលា ទៅតាមជំនាញរៀងៗខ្លួន ចំពោះបញ្ហាប្រឈមថ្មីៗ ក៏ដូចជាវិបត្តិដែលអាចលេចឡើង ក្នុងស្ថានភាពមិនប្រាកដប្រជា ជាពិសេសផលប៉ះពាល់ ដែលកើតចេញពីការប៉ះទង្គិច នៅតាមព្រំដែនកម្ពុជា ថៃ៕










