ព័ត៌មានជាតិ

ក្រសួងការពារជាតិកម្ពុជា ៖ ថៃ បានរាយលួសបន្លា ព្រមទាំងដាក់កងឡាន នៅស្រុកអូរជ្រៅ ក្នុងទិសទី១ នៃយោធភូមិភាគទី៥

ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ថៃ បានរាយលួសបន្លា ព្រមទាំងដាក់កងឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងទិសទី១ នៃយោធភូមិភាគទី៥។

ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» សម្រាប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា «កាលពីនៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ បានប្រដាប់ដោយអាវុធ បានធ្វើសកម្មភាពចូលមកត្រួតពិនិត្យ នៅទល់មុខច្រកជោគជ័យ ដែលបានរាយលួសបន្លា ព្រមទាំងដាក់កងឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងទិសទី១ នៃយោធភូមិភាគទី៥»។

លោកស្រី អ្នកនាំពាក្យ បន្ដថា កម្ពុជា ទាមទារឲ្យថៃបញ្ឈប់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌនូវរាល់សកម្មភាព ដែលរំលោភបំពានបទឈប់បាញ់ ព្រមទាំងស្មារតីនៃការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ថៃ GBC ជាពិសេសត្រង់ចំណុចទី២ និងទី៤។

ភាគីទាំងពីរព្រមព្រៀងគ្នា រក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឲ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើង ក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់ បានចូលជាធរមាន នៅម៉ោង១២អធ្រាត្រម៉ោងក្នុងតំបន់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ឡើយ។

ភាគីទាំងពីរ មិនត្រូវចល័តកងទ័ព របស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាត ទៅទីតាំងរបស់ភាគីម្ខាងទៀតឡើយ និងភាគីទាំងពីរឯកភាពគ្នា មិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយ ដែលអាចនាំឲ្យមានតានតឹង ក្នុងនោះរួមមាន ការធ្វើសកម្មភាពយោធាក្នុងដែនអាកាស និងបូរណភាពទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត នៅពេលបទឈប់បាញ់ចូលជាធរមាន។

ភាគីទាំងពីរ ឯកភាពគ្នាមិនធ្វើការសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬលេណដ្ឋានឲ្យហួសពីទីតាំងរបស់ខ្លួនឡើយ៕

To Top