ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំអាជ្ញាធរ ជំរុញការរៀបចំឯកសារ គាំទ្រឱ្យកុមារ ជាកូនចៅពលរដ្ឋ វិលត្រឡប់ពីថៃ ចូលរៀនបានគ្រប់ៗគ្នា

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលរាជធានី ខេត្ត ជំរុញការរៀបចំឯកសារគាំទ្រឱ្យកុមារ ជាកូនចៅពលរដ្ឋវិលត្រឡប់ពីប្រទេសថៃវិញ ចូលសិក្សារៀនសូត្រ នៅតាមមូលដ្ឋានឱ្យបានគ្រប់ៗគ្នា។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា នាឱកាសទទួលជួបប្រជុំពិភាក្សាជាមួយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រតិភូ អំពីការផ្សព្វផ្សាយឱកាសការងារ ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃវិញ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ។

លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាននិងកំពុងជំរុញការសម្របសម្រួលផ្ដល់សេវាឯកសារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋ ឱ្យបានស្របតាមច្បាប់ ។ លោក ក៏បង្ហាញការលើកទឹកចិត្ត និងគាំទ្រ ក្រសួងការងារ បានដាក់ចេញការ សម្របសម្រួលជាមួយរោងចក្រ សហគ្រាសទទួលពាក្យ ចូលបម្រើការងារពីពលរដ្ឋខ្មែរ វិលពីប្រទេសថៃ ដោយពុំ តម្រូវយកឯកសារចាំបាច់។

លោកឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា «រដ្ឋបាលរាជធានី ខេត្ត ខិតខំដឹកនាំការសម្របសម្រួល និងបង្កលក្ខណៈ ជំរុញការរៀបចំឯកសារ គាំទ្រឱ្យកុមារជាកូនចៅពលរដ្ឋវិលពីប្រទេសថៃ ចូលសិក្សារៀនសូត្រនៅតាមមូលដ្ឋានឱ្យបានគ្រប់ៗគ្នា និងទាន់ឆ្នាំសិក្សា»។

នាឱកាសនោះ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ មានពលរដ្ឋខ្មែរវិលពីប្រទេសថៃជាង៩០ម៉ឺននាក់ហើយ ដោយតួលេខនេះ ត្រូវបានឯកភាពគ្នា កំណត់យ៉ាងជាក់លាក់ រវាងស្ថាប័នពាក់ព័ន្ធសមត្ថកិច្ចដែលប្រចាំការនៅច្រកទ្វារព្រំដែន៕

To Top