រដ្ឋបាលខេត្តពោធិ៍សាត់ នាំអំណោយសប្បុរសជន ជូនដល់ជនភៀសសឹក និងកងកម្លាំងជួរមុខខេត្តព្រះវិហារ

ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៥នេះ បានដឹកនាំគណះប្រតិភូនៃរដ្ឋបាលខេត្តពោធិ៍សាត់នាំយកអំណោយដែលទទួលបានតាមរយះការចូលរួមឧបត្ថម្ភគាំទ្រពីប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់រួមទាំងសប្បុរសជនជិតឆ្ងាយ មកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារដើម្បីបន្តចាត់ចែងដល់កងកម្លាំងជួរមុខដែលកំពុងការពារបូរណរណបភាពទឹកដីពីសត្រូវឈ្លានពានថៃ និង បងប្អូនជនភៀសសឹក។

ថ្លែងក្នុងឱកាសនោះលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានលើកឡើងថា ផលវិបាកនៃសង្គ្រាម គឺបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹម ដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះ ធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់ណាស់ ពីតម្លៃនៃសន្តិភាព។

លោក ខូយ រីដា ក៍បានថ្លែងអំណរគុណ និងគោរពដឹងគុណ ដល់វីរកងទ័ពជួរមុខកម្ពុជា ក្នុងការការពារបូរណភាពទឹកដី តាមខ្សែរបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំ ប្រឆាំងនឹងសត្រូវឈ្លានពាន។

លោកអភិបាលខេត្តព្រះវិហារក៍បានមានប្រសាសន៍បន្តថា កាយវិការរបស់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ក៏ដូចជាសប្បុរសជននាឱកាសនេះ ពិតជាបានបង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាការលើកទឹកចិត្ត និងជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយកងទ័ពជួរមុខ ដ៏អង់អាចក្លាហានរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

អំណោយឧបត្ថម្ភគាំទ្រ របស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ រួមទាំងសប្បុរសជនជិតឆ្ងាយ មកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ នាឱកាសនោះ រួមមាន៖ អង្ករ៣០តោន, អង្ករដំណើប១០០គីឡូក្រាម, អំបុកលីងសាច់ផាត់ ៣០០កញ្ចប់ (របស់សាខាសមាគមនារីខេត្ត), ត្រីកេស ២៥គីឡូក្រាម, ប្រហុក១៣០គីឡូក្រាម, ត្រីងៀត ១៧គីឡូក្រាម, ត្រីប្រាហើម ១៦គីឡូក្រាម, ពងត្រីឆ្តោរ ៣គីឡូក្រាម, កំពឹសក្រៀម ២គីឡូក្រាម និងថវិកាមួយចំនួន៕
