ព័ត៌មានជាតិ

ប្រមុខក្រសួងមហាផ្ទៃ ៖ ការរឹតបន្តឹងច្បាប់ចរាចរណ៍នៅតែជាកិច្ចការចាំបាច់ បន្ទាប់ពីសភាពការណ៍ព្រំដែន កម្ពុជា-ថៃ ធូរស្រាល

ភ្នំពេញ ៖ បន្ទាប់ពីផ្អាកការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន ករណីគ្រោះថ្នាក់ចរាចរណ៍ បានហក់ឡើងខ្ពស់ នោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានបញ្ជាក់ថា ការរឹតបន្តឹងច្បាប់នៅតែជាកិច្ចការចាំបាច់បំផុត បន្ទាប់ពីសភាពការណ៍ព្រំដែន កម្ពុជា-ថៃ ធូរស្រាល។

យោងតាមរបាយការណ៍ដែលផ្សព្វផ្សាយក្នុងកិច្ចប្រជុំ នៅឆមាសទី១ ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១ ០៦៦លើក បណ្ដាលឱ្យស្លាប់មនុស្ស ៦៩៤នាក់ និងរបួស ១៤៧៦នាក់។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់ គ.ស.ច.គ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នៅតែបន្តបង្ហាញក្តីព្រួយបារម្ភ បើទោះបីជាករណីគ្រោះថ្នាក់ចរាចរណ៍ ថយចុះក៏ដោយ។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានទាញការកត់សម្គាល់ថា ក្នុងអំឡុងពេលនៃការប្រឈមមុខសត្រូវឈ្លានពានថៃ ដែល លោក បានបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្អាកការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលនេះ បានហក់ឡើងខ្ពស់ជាងអំឡុងពេលធម្មតា ដែលមានន័យបញ្ជាក់ថា «ការរឹតបន្តឹងច្បាប់នៅតែជាកិច្ចការចាំបាច់បំផុត បន្ទាប់ពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ធូរស្រាល»។

ក្នុងឱកាសនោះដែរ ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិនិត្យទិដ្ឋភាពបច្ចេកទេស និងច្បាប់ ដើម្បីគ្រប់គ្រង និងកំណត់លក្ខខណ្ឌនៃការប្រើប្រាស់កង់អាគុយ ឬកូនរថយន្តអាគុយ(ជិះម្នាក់ពីរ) ដ្បិតការប្រើប្រាស់មានកំណើន សកម្មភាពចរាចរណ៍មានលក្ខណៈទូទៅ ទាំងលើផ្លូវជាតិ ពិសេសចាប់ផ្ដើមមានក្នុងកំណត់ត្រានៃគ្រោះថ្នាក់ចរាចរណ៍៕

To Top