ព័ត៌មានជាតិ

កម្ពុជា ឆ្លើយតបការចោទប្រកាន់ គ្មានមូលដ្ឋានរបស់ថៃ ទាក់ទងនឹងការផ្ទុះគ្រាប់មីនថ្មីៗ និងការគំរាមកំហែង ចំពោះអធិបតេយ្យរបស់កម្ពុជា

ភ្នំពេញ ៖ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបការចោទប្រកាន់ គ្មានមូលដ្ឋានរបស់ថៃ ទាក់ទងនឹងការផ្ទុះគ្រាប់មីនថ្មីៗ និងការគំរាមកំហែង ចំពោះអធិបតេយ្យរបស់កម្ពុជា។

ទន្ទឹមនឹងនេះ ក្រសួងការបរទេសកម្ពុជា ច្រានចោលទាំងស្រុងនូវការ ចោទប្រកាន់មិនពិត និង មានលក្ខណៈបង្កហេតុ ក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសថៃ ចុះថ្ងៃទី១០ ខែសីហា និង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ដែលបានចោទប្រកាន់កងកម្លាំងប្រដាប់អាវុធកម្ពុជា កាលពីពេលថ្មីៗនេះថា «បានដាក់គ្រាប់មីនប្រឆាំងមនុស្ស នៅតាមព្រំដែនកម្ពុជា-ថៃ លើទីតាំង ក្នុងតំបន់ប្រាសាទតាមាន់ធំ (ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ) តំបន់មុំបី អានសេះ និងតាសឺម (ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ) ដែលបានផ្ទុះបណ្តាលឱ្យទាហានថៃរងរបួស»។

កម្ពុជា បញ្ជាក់ជាថ្មីថា ការចោទ ប្រកាន់ទាំងនេះ គឺជាការប្រឌិតឡើង ដោយគ្មានភ័ស្តុតាង គួរឱ្យទុកចិត្ត សំដៅបង្វែរការយកចិត្តទុកដាក់ចេញពី ការបំពានរបស់ថៃទៅលើបទឈប់បាញ់ និងច្បាប់អន្តរជាតិប៉ុណ្ណោះ ៕

To Top