ព័ត៌មានជាតិ

ក្រុមអ្នកសង្កេតការណ៍អន្តរកាល មកពីប្រទេសចំនួន៦ ចុះពិនិត្យស្ថានភាព សន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ ក្នុងអំឡុងជម្លោះព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ១៤ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍ អន្តរកាល (IOT) បានចេញដំណើរ ទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាព សន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ ក្នុងអំឡុងជម្លោះ ព្រំដែនកម្ពុជា-ថៃ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ ក្រសួងការពារជាតិ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦ ចូលរួម (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន ៧ប្រទេស បានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាព សន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ដូចខាងក្រោម៖
១- ខេត្តបាត់ដំបង (យោធភូមិភាគទី៥)
២-ខេត្តបន្ទាយមានជ័យ ៖ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូបីជាន់ (ភូមិជោគជ័យ) និងច្រកបឹងត្រកួន
៣- ខេត្តព្រះវិហារ (ច្រកព្រំដែនអានសេះ)

គួររំលឹកផងដែរថា បេសកកម្មនេះបានកើតចេញពីលទ្ធផល នៃកិច្ចប្រជុំពិសេស ដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបានបញ្ជាក់សារជាថ្មី អំពីសារៈសំខាន់នៃការបង្កើតឱ្យមានក្រុម IOT ។

ក្រសួងការពារជាតិ អះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ៕

To Top