ព័ត៌មានជាតិ

ក្រសួងបរិស្ថាន កំពុងពន្លឿនការដ្ឋាន សាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវឡើង ទៅភ្នំខ្នងផ្សារ ដើម្បីក្លាយជាគោលដៅ លំហែបៃតងទាក់ទាញ ភ្ញៀវទេសចរណ៍

ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញ ចុះពិនិត្យការដ្ឋាន សាងសង់ ផ្លូវប្រវែងជាង ៧,២ គីឡូម៉ែត្រ ដែលទើបបានកិនពង្រាប កាលពីពេលថ្មីៗ និងការសាងសង់ហេដ្ឋរចនាសម្ព័ន្ធ ភ្ជាប់ពីតំបន់លំនៅដ្ឋានរបស់សហគមន៍រលាក់កងជើង ឆ្ពោះទៅផ្លូវឡើងទៅលើភ្នំខ្នងផ្សារ នៃឧទ្យានជាតិជួរភ្នំក្រវ៉ាញ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

លោក អ៊ាង សុផល្លែត បានថ្លែងថា ដំណើរការសាងសង់ កំពុងដំណើរការទៅមុខ ខណៈក្រុមការងារ កំពុងខិតខំ សម្រុកស្ថាបនា ឲ្យបានរួចរាល់រចនាសម្ព័ន្ធនៅតំបន់ជើងភ្នំ តភ្ជាប់ពីផ្លូវចេញពីលំនៅដ្ឋានសហគមន៍ នៅជើងភ្នំ ឆ្ពោះទៅលើភ្នំខ្នងផ្សារ។

លោករដ្ឋមន្រ្តី បានថ្លែងបន្ថែមថា តាមរយៈហេដ្ឋារចនា សម្ព័ន្ធទាំងនេះ នឹងចូលរួមលើកកម្ពស់ជីវភាព គ្រួសាររស់នៅ របស់ប្រជាពលរដ្ឋ នៃសហគមន៍តំបន់ការពារធម្មជាតិ មកចូលរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ តាមរយៈទទួលបានចំណូល ពីមុខរបរថ្មីតាមរយៈការអភិវឌ្ឍគោលដៅ លំហែបៃតង ព្រោះសហគមន៍ មានសក្តានុពលធម្មជាតិជាច្រើន ជាពិសេសទេសភាពធម្មជាតិ តំបន់ខ្នងផ្សារ និងខ្នងសំពៅជាដើម។ តំបន់ខ្នងផ្សារ ជាកន្លែងដ៏ពេញនិយមសម្រាប់ទេសចរ ដែលចូលចិត្តដើរកម្សាន្តតាមព្រៃភ្នំ និងតំបន់ធម្មជាតិដ៏ស្រស់ត្រកាល។

default

លោករដ្ឋមន្រ្តី បានថ្លែងថាការអភិវឌ្ឍតំបន់នេះ គឺអនុវត្តតាមប្រសាសន៍ដឹកនាំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកាលពីឱកាសបំពេញទស្សនកិច្ចនៅតំបន់ភ្នំខ្នងផ្សារ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅបានដាក់ចេញ គោលដៅថែរក្សា អភិរក្ស និងអភិវឌ្ឍដោយចីរភាព នូវតំបន់ភ្នំខ្នងផ្សារ ឱ្យបានកាន់តែប្រសើរឡើង និងក្លាយជាគោលដៅ ទាក់ទាញទេសចរណ៍ ឱ្យបានកាន់តែច្រើន។

សូមបញ្ជាក់ថា បន្ទាប់បានរៀបចំពង្រាបផ្លូវ បានស្អាតហើយ ការដ្ឋានសាងសង់ តំបន់ជើងភ្នំ រួមមានក្លោងទ្វារ ចូលតំបន់ខ្នងផ្សារ សួនច្បារ កន្លែងសម្រាក ហាងកាហ្វេ នឹងបញ្ចប់នៅក្នុងខែតុលាខាងមុខ ដើម្បីសម្រួលការធ្វើដំណើរ និងការកម្សាន្តរបស់ភ្ញៀវទេសចរ ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានកំពុងធ្វើការ ការពារនិងអភិរក្សធនធានធម្មជាតិ និងចូលរួមដាំដើមឈើឱ្យបានច្រើន ថែមទៀត៕

To Top