អភិបាលខេត្តស្វាយរៀង ប្រាប់ពលករខ្មែរ ដែលទើបត្រលប់មកពីថៃ ត្រូវតាំងចិត្តខិតខំធ្វើការ ព្រោះខេត្តស្វាយរៀង មានតម្រូវកម្លាំង ពលកម្មច្រើន

ស្វាយរៀង៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងប្រាប់ដល់បងប្អូន ពលករខ្មែរយេីង ដែលទើបត្រលប់ មកពីប្រទេសថៃវិញ ត្រូវតាំងចិត្តខិតខំធ្វើការ នៅក្នុងស្រុករបស់យេីង ដើម្បីជួយគ្រួសារ និងសង្គមសេដ្ឋកិច្ចជាតិ ឱ្យកាន់តែប្រសើរឡេីង ព្រោះថាការងារនៅក្នុងស្រុក ក៏មានភាពងាយស្រួលជាង មានសុវត្ថិភាពជាង និង ទទួលបានអត្ថប្រយោជន៍ ច្រើនជាងធ្វើការនៅថៃ ដែលទទួលរងនូវការម៉ាក់ងាយពីថៅកែ ថៃមួយចំនួន ក្រុមជ្រុលនិយមរបស់គេផងដែរ ។

ការថ្លែងប្រាប់បែបនេះ របស់លោកអភិបាល ខេត្តស្វាយរៀងបានធ្វើឡើងក្នុងកម្មវិធីវេទិកាការងារ និងការចុះឈ្មោះ ស្វែងរកការងារធ្វេីរបស់បងប្អូនប្រជាពលរដ្ឋ និង បងប្អូនពលករទើបវិលត្រឡប់មកពីប្រទេសថៃ ដែលកំពុងស្វែង រកការងារធ្វើ ក្នុងនោះមានការសម្ភាស ការងារជ្រេីសរេីសដោយផ្ទាល់ ជាមួយតំណាងក្រុមហ៊ុន និងក្រុមការងារទីភ្នាក់ងារជាតិ មុខរបរនិងការងារ ស្ថិតនៅបរិវេណសាលាស្រុករមាសហែក ខេត្តស្វាយរៀងកាលពីថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៥។

លោកបានបន្តថា «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុករមាសហែកនាពេលនេះ បានផ្តល់ឱកាសការងារយ៉ាងច្រេីនជូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗ ពីក្រុមហ៊ុនក្នុងខេត្តស្វាយរៀងនៅទីនេះមានចំនួន៥ ដែលកំពុងមានតម្រូវការកម្លាំងពលកម្មចំនួន៣,៣៤៧កន្លែង ទន្ទឹមនេះចំពោះប្រាក់ចំណូល ដែលទទួលបានបើប្រៀបធៀប នឹងការទៅធ្វើការនៅប្រទេសថៃ គឺប្រហាក់ប្រហែលគ្នា ប៉ុន្តែការធ្វើការងារនៅប្រទេសថៃគ្មានសុវត្ថិភាព ហើយនៅឆ្ងាយពីស្រុកកំណើត ឆ្ងាយពីឪពុកម្ដាយទៀតផង៕

