សម្តេចតេជោ ឆ្ងល់ពីការផ្ទុះរឿងផ្លែស្ពឺ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានងើយឆ្ងល់ពីករណីផ្ទុះផ្លែស្ពឺ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ខណៈសម្តេចថា ប៉ុន្មានឆ្នាំមុនផ្ទុះរឿងផ្លែពោត ជាអាវុធប្រល័យលោក។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ១៤ សីហានេះ សម្តេចតេជោបានលើកឡើងថា “ប៉ុន្មានថ្ងៃនេះផ្ទុះរឿងផ្លែស្ពឺ ខ្ញុំចេះតែឆ្ងល់ថាមានរឿងអីទៀតហើយ? លុះដល់ស្រាវជ្រាវទៅទើបដឹងថា វាជារឿងរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ជាមួយស្ត្រីមួយ កាលពីក្មេងដែលផ្អែកសំខាន់លើសៀវភៅ ដែលសរសេរ ដោយលោក ឆាយ សុផល” ។

ចំពោះរឿងផ្លែស្ពឺនេះដែរ សម្តេចតេជោ ក៏បានរំលឹកទៅដល់រឿងសម្តេចផងដែរ ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលជារឿងចាប់ផ្តើមពីការមិនចូលចិត្តដូចគ្នា រវាងសម្តេចនិងភរិយា នៅពេលដែលមិនទាន់ស្គាល់គ្នា។ ប៉ុន្តែសម្តេចថា រីឯកូនរបស់សម្តេច គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយភរិយា បានចាប់ផ្តើមពីផ្លែស្ពឺ ឬហូបស្ពឺអត់។
សូមបញ្ជាក់ថា ប៉ុន្មានមកនេះ មានការផ្ទុះជាខ្លាំង ចំពោះពាក្យមួយឃ្លា “ហូបស្ពឺអត់?” ដែលពាក្យមួយឃ្លានេះ ក្នុងសៀវភៅតែងនិពន្ធ ដោយលោក ឆាយ សុផល បានរំលេចពាក្យមួយឃ្លាននេះ ដែលសម្តេចធិបតីបាននិយាយទៅកាន់ លោកជំទាវ ពេជ ច័ន្ទមុនី នៅពេលសម្តេចឡើងលើដើមស្ពឺហើយចុះមកវិញ សួរថា ហូបស្ពឺអត់៕





