ព័ត៌មានជាតិ

ថៃកំពុងយកករណី ទាហានខ្លួនជាន់ផ្ទុះមីន ធ្វើជាប្រធានបទ ទំលាក់កំហុសដាក់កម្ពុជា

ភ្នំពេញ ៖ ខណៈទាហានថៃមួយរូប បានដើរជាន់មីនផ្ទុះក្នុងតំបន់ហាមឃាត់ ត្រូវបានលោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅវិញថា ភាគីថៃកំពុងយកករណីផ្ទុះមីន ដែលបង្កឡើងដោយទាហានថៃខ្លួនឯង ធ្វើជាប្រធានបទដើម្បីទំលាក់កំហុសមកលើកម្ពុជាវិញ ក្នុងពេលភាគីថៃជាអ្នកល្មើស កិច្ចព្រមព្រៀងបទឈប់បាញ់ ។

ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាថ្ងៃ១៤ សីហា លោក ប៉ែន បូណា បានឲ្យដឹងថា មិនមែនជាលើកទី១នោះទេ ដែលទាហានថៃ បានដើរល្បាតហើយជាន់មីនផ្ទុះ ពោលច្រើនលើកច្រើនសារហើយ នៅតំបន់ហាមឃាត់ ដែលមិនទាន់បានដោះស្រាយចប់សព្វគ្រប់ ។ ក្រោយទាហានថៃដើរជាន់មីន ភាគីថៃតែងតែចោទប្រកាន់កម្ពុជាថាបានដាក់មីនថ្មី តែការពិតមីននៅសល់ តាំងពីសម័យសង្គ្រាមមកម្ល៉េះ។

លោកបញ្ជាក់ថា “ថៃកំពុងយករឿងផ្ទុះគ្រាប់មីន ធ្វើជាប្រធានបទ ដើម្បីចោទទំលាក់កំហុសមកលើកម្ពុជា ហើយតាំងខ្លួនជាអ្នករងគ្រោះបំភាន់ សហគមន៍អន្តរជាតិទាំងដែលតាមការពិតទៅ គឺកងទ័ពថៃខ្លួនឯងទេ ដែលចល័តកំលាំងដោយបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយបានជាន់គ្រាប់មីនសល់ពីសម័យសង្រ្គាម” ។

លោកថា ករណីផ្ទុះមីន នឹងមិនអាចកើតមានទេ បើសិនជាកងទ័ពថៃ គោរពកិច្ចព្រមព្រៀង បទឈប់បាញ់ឲ្យបានខ្ជាប់ខ្ជួន ដោយរក្សាកងកំលាំងនៅកន្លែងដដែល ក្រោយពេលកិច្ចព្រមព្រៀង បទឈប់បាញ់ចូលជាធរមាន កាលពីរាត្រីរំលងអាធ្រាតថ្ងៃ២៨ កក្កដា ។ ដូច្នេះកម្ពុជាអំពាវនាវម្តងទៀតឲ្យថៃ គោរពឲ្យបានម៉ឹងម៉ាត់ចំពោះបទឈប់បាញ់នេះ ៕

To Top