ព័ត៌មានជាតិ

ពលករខ្មែរ២នាក់​ ដែលល្បីលើបណ្តាញសង្គម ដោយសារផុសថា គ្មានការងារធ្វើ ឥឡូវទទួលបានការងារធ្វើ ហើយ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ ពលករខ្មែរ២នាក់ ដែលល្បីលើបណ្តាញសង្គម ដោយសារតែផុសថា គ្មានការងារធ្វើពេលនេះទទួលបានការងារធ្វើហើយ នៅរោងចក្រ Di Lux តាមរយៈការសម្របសម្រួល របស់អគ្គនាយកដ្ឋានការងារ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ធុក ជា ពលករខ្មែរ វិលត្រឡប់មកពីប្រទេសថៃ បានលើកឡើងថា ពេលដែលមកដល់ខ្មែរមានការងារធ្វើ លោកឈប់គិតស្រមៃចង់ ត្រឡប់ទៅធ្វើការ នៅប្រទេសថៃទៀតហើយ ព្រោះនៅប្រទេសខ្មែរមានភាពងាយស្រួលជាងធ្វើការងារនៅប្រទេសថៃ ក្នុងនោះទី១គឺ មិនបាច់ធ្វើលិខិតឆ្លងដែន (ប៉ាស្ព័រ) ទី២ មិនចាំបាច់ចំណាយថ្លៃធ្វើដំណើរទៅធ្វើការអស់ច្រើន ទន្ទឹមនោះ មានការចំណាយតិចលើទឹកភ្លើង ជាពិសេស នៅប្រទេសរបស់ខ្លួនឯង មានទំនុកចិត្ត និងមានភាពកក់ក្តៅ។

លោកនិយាយថា៖ «ខ្ញុំចង់អរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែល តែងតែជួយប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យមានការងារធ្វើ វិលត្រឡប់ចូលស្រុកមកវិញ ។ សូមបងប្អូនដែលនៅថៃ វិលត្រឡប់ចូលស្រុកវិញ ព្រោះស្រុកយើងមិនខ្វះការងារធ្វើនោះទេ»។

អ្នកស្រី ឆើត ស្រម៉ៃ ពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ ប្រាប់ថា មានមូលហេតុមួយចំនួន ដែលធ្វើឱ្យអ្នកស្រី មិនអាចបន្តនៅធ្វើការក្នុងប្រទេសថៃ ទី១គឺ មានគេមើលងាយមើលថោក មិនឱ្យតម្លៃ ធ្វើទុកបុកម្និញបងប្អូនខ្មែរច្រើនពេក ទី២ ការត្រឡប់មកវិញជារឿងល្អ ព្រោះមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ចាំទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងជួយស្វែងរកការងារឱ្យធ្វើបានយ៉ាងសមរម្យ។

អ្នកស្រីថា៖«នាងខ្ញុំមានអារម្មណ៍ថា សប្បាយចិត្ត ហើយក៏ចង់ផ្តាំផ្ញើដល់បងប្អូនដែលនៅប្រទេសថៃ បើចុះមកខ្មែរវិញ សូមទាក់ទងតាមលេខ ១២៩៧។ នាងខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាល និងបងៗក្រុមការងារដែលបានយកចិត្តទុកដាក់ លើនាងខ្ញុំដែលជាពលករ ទើបមកពីប្រទេសថៃ»។

សូមបញ្ជាក់ថា បងប្អូនពលករខ្មែរ ដែលចង់សួរព័ត៌មានអំពីឱកាសការងារ សូមទាក់ទងមក ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខទូរស័ព្ទ Hotline 1297 ដើម្បីរកការងារធ្វើបានលឿនរហ័ស៕

To Top