ពាក់ព័ន្ធផលប៉ះពាល់ជម្លោះព្រំដែន ! ក្រសួងអប់រំ អនុវត្តវិធានការជាច្រើន ដើម្បីធានាថា ការប្រឡងបាក់ឌុប នឹងប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ ៖ ពាក់ព័ន្ធនឹងផលប៉ះពាល់នៃជម្លោះព្រំដែន ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តវិធានការជាច្រើនដើម្បីធានាថា «ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងប្រព្រឹត្តទៅដោយរលូនសម្រាប់បេក្ខជនទូទាំងប្រទេស ពិសេសបេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
នាឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាពិសេសសម្រាប់បេក្ខជន ប្រឡងខេត្តឧត្តរមានជ័យ និងព្រះវិហារ សម័យប្រឡង៖ ២៨ សីហា ២០២៥ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងអនុវត្តការងារនេះ និងបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តខិតខំប្រឹងប្រែង សហការគ្នាឱ្យបានល្អ ដើម្បីធានាបាននូវ ដំណើរការប្រឡង ប្រកបដោយភាពជោគជ័យ យុត្តិធម៌ និងតម្លាភាព។

ពាក់ព័ន្ធនឹងផលប៉ះពាល់ នៃជម្លោះព្រំដែន ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តវិធានការជាច្រើនដើម្បីធានាថា ការប្រឡងនឹងប្រព្រឹត្តទៅ ដោយរលូនសម្រាប់បេក្ខជនទាំងអស់ នៅទូទាំងប្រទេស ជាពិសេសសម្រាប់បេក្ខជននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលជាខេត្តរងផល ប៉ះពាល់ខ្លាំង ដោយក្រសួងនឹង ត្រៀមរៀបចំក្រុមការងារដើម្បីចុះត្រួតពិនិត្យលើកិច្ចការពាក់ព័ន្ធនានា ដើម្បីជួយសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗ ដែលអាចកើតមានឡើង ។

បន្ថែមលើនេះ ក្រសួងក៏បានត្រៀមលក្ខណៈ ក្នុងការរៀបចំកន្លែងស្នាក់នៅ និង ផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួន សម្រាប់រយៈពេលពីរថ្ងៃ នៃការប្រឡងនេះ ដល់បេក្ខជន នៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ផងដែរ ដើម្បីឱ្យបេក្ខជនមានភាពកក់ក្តៅ និងផ្តល់ភាពងាយស្រួល ដើម្បីអាចផ្តោតអារម្មណ៍ បានល្អលើការប្រឡងរបស់ខ្លួន ។
លោក ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត ដល់បេក្ខជនប្រឡងទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ត្រៀមខ្លួនឱ្យបានល្អ និងរក្សាស្មារតីជឿជាក់ លើខ្លួនឯង ដោយក្រសួង នឹងបន្តផ្តល់ការគាំទ្រពេញលេញ ដើម្បីធានាថា ដំណើរការប្រឡងនឹងប្រព្រឹត្តទៅបានរលូនល្អ ដោយគោរពតាម គោលការណ៍ទាំង៤ នៃការប្រឡងគឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”៕

