ព័ត៌មានជាតិ

នគរបាលខេត្តកណ្តាល ឱ្យម្ចាស់គណនី Tik Tok ឈ្មោះ ម៉ាក់នី វីតាមីនបំបាត់ជាំ សុំទោសសាធារណជន ជាបន្ទាន់

កណ្ដាល ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទុកពេល ២៤ម៉ោង ឱ្យម្ចាស់គណនី Tik Tok ឈ្មោះ ម៉ាក់នី វីតាមីនបំបាត់ជាំ ធ្វើវីដេអូ សុំទោសសាធារណជន ជាបន្ទាន់ បន្ទាប់ពីបង្ហោះវីដេអូ និយាយថា «ចាប់កូនស្រីពៅគាត់ ភ្លៀងលិចស្ទះផ្លូវអញ អស់ហើយ»។

តាមរយៈសេចក្តីបញ្ជាក់ព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ពាក់ព័ន្ធទៅនឹងគណនី Tik Tok ឈ្មោះ ម៉ាក់នី វីតាមីនបំបាត់ជាំ បានបង្ហោះវីដេអូ និយាយថា «ចាប់កូនស្រីពៅគាត់ ភ្លៀងលិចស្ទះផ្លូវអញអស់ហើយ ទៅចាប់កូនស្តេចភុជង្គនាគ មិនឱ្យគាត់ខឹងយ៉ាងម៉េច ឥលូវភ្លៀងលិចត្រឹមជង្គង់ហើយ»។

ចំពោះករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ទុកពេល ២៤ម៉ោង ឱ្យម្ចាស់គណនី Tik Tok ឈ្មោះ ម៉ាក់នី វីតាមីនបំបាត់ជាំ ធ្វើវីដេអូ សុំទោសសាធារណជន ជាបន្ទាន់។ ប្រសិនបើបុគ្គលខាងលើមិនធ្វើវីដេអូ សុំទោសនោះទេ សមត្ថកិច្ចជំនាញនឹងចាត់ការតាមនីតិវិធី។ កុំយកបញ្ហានេះ ដើម្បីបង្ហោះអូសទាញយកការចាប់អារម្មណ៍ដើម្បីលក់ផលិតផលផ្ទាល់ខ្លួន ធ្វើឱ្យប៉ះពាល់និងបំពុលសង្គម៕

To Top