ព័ត៌មានជាតិ

កម្ពុជា-ចិន ចុះ MOU ស្ដីពី ការបណ្ដុះបណ្ដាលរួមគ្នា គ្រូបង្រៀនភាសាចិន ក្នុងស្រុក នៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក Yu Yunfeng អគ្គនាយក នៃមជ្ឈមណ្ឌល សហប្រតិបត្តិការ និង ផ្លាស់ប្ដូរភាសាចិន-ភាសាបរទេស (CLEC) របស់ក្រសួងអប់រំចិន និងចុះអនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាង ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្ដូរភាសា ចិន-ភាសា បរទេសរបស់ក្រសួងអប់រំចិន ស្ដីពី “ការបណ្ដុះបណ្ដាលរួមគ្នា គ្រូបង្រៀនភាសាចិន ក្នុងស្រុកនៅកម្ពុជា”។

ការអនុស្សរណៈ នៃការយោគយល់គ្នានេះ មានគោលបំណងបង្កើន កិច្ចសហប្រតិបត្តិការក្នុង វិស័យអប់រំរវាង ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគាំទ្រ និងជំរុញដល់ការអភិវឌ្ឍ ការបង្រៀនភាសាចិននៅកម្ពុជា ដោយក្រសួងអប់រំ យុវជន និងកីឡា និងមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្ដូរភាសាចិន-ភាសាបរទេសរបស់ក្រសួងអប់រំចិន បានសម្រេចចិត្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីជំរុញទម្រង់នៃកិច្ច សហប្រតិបត្តិការអប់រំភាសាចិនអន្តរជាតិក្រោមបរិបទថ្មី រួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងមិត្តភាពរវាងប្រជាជនប្រទេសទាំងពីរ ជាពិសេសពង្រីកសមិទ្ធផលនៃការបង្រៀនភាសាចិន បណ្ដុះបណ្ដាលគ្រូបង្រៀនភាសាចិនក្នុងស្រុកសម្រាប់កម្ពុជា និងលើកកម្ពស់គុណភាពនៃការបង្រៀនភាសាចិន ។

លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅកម្ពុជា គូសបញ្ជាក់ថា ការចុះ Mou នេះគឺជាសក្ខីភាពនៃចំណងមិត្តភាព និងភាពជាដៃគូដ៏រឹងមាំរវាងប្រទេសកម្ពុជា-ចិន ដោយនឹងផ្តោតលើវិស័យ សំខាន់ក្នុងការអប់រំមួយគឺ ការបណ្តុះបណ្តាលគ្រូបង្រៀន ភាសាចិននៅកម្ពុជា ដោយយើង បានពីការរីកចម្រើន និងសារៈសំខាន់ នៃការអប់រំភាសាចិននៅកម្ពុជា ដោយមានជំនឿ យ៉ាងមុតមាំថា ភាពជាដៃគូនេះនឹងមិនត្រឹមតែ ពង្រឹងចំណងអប់រំរបស់កម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ទំនាក់ទំនង និងមិត្តភាពកាន់តែស៊ីជម្រៅ ថែមមួយកម្រិតទៀតរវាងប្រជាជននៃប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំចិន ក៏ដូចជា មជ្ឈមមណ្ឌល សហប្រតិបត្តិការនិងផ្លាស់ប្តូរភាសាចិន- ភាសាបរទេស និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលតែងតែគាំទ្រ និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុង ការអភិវឌ្ឍធនធានមនុស្សកម្ពុជា ដែលនេះជាកត្តាយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមជាតិ ព្រមទាំងមានការជឿជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាព នៃការអប់រំភាសាចិននៅកម្ពុជា ក៏ដូចជាការបន្តពង្រឹង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែង៕

To Top