ព័ត៌មានជាតិ

រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយសង្គ្រោះបន្ទាន់ (ឥតសំណង) ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ មនុស្សធម៌ ជាបន្ទាន់នៅតាមតំបន់ ព្រំដែនកម្ពុជា-ថៃ

" "

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច ផ្តល់ជំនួយសង្គ្រោះបន្ទាន់ (ឥតសំណង) ដែលមានទឹកប្រាក់សរុបប្រមាណ ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅ នឹងតម្រូវការមនុស្សធម៌ជាបន្ទាន់ នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ខណៈរដ្ឋាភិបាលជប៉ុន គាំទ្រយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀង ឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ ។

យោងសារពីឯកអគ្គរាជទូត អ៊ូអិណុ ស្តីពីការប្រកាសផ្តល់ជំនួយ សង្គ្រោះបន្ទាន់សម្រាប់ តំបន់ព្រំដែនកម្ពុជា-ថៃ ដែលត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកស្ថានទូតជប៉ុន ប្រចាំកម្ពុជានៅថ្ងៃនេះបានឱ្យដឹងថា «ក្នុងកិច្ចសហប្រតិបត្តិការនេះ ជប៉ុននឹងអនុវត្តនូវជំនួយមនុស្សធម៌ ដូចជាការចែកសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រកបណ្តោះអាសន្ន ជាដើម តាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូលនិធិអង្គការ សហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)»។

" "

លោក អ៊ូអិណុ អាត់ស៊ូស៊ី
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា សង្កត់ធ្ងន់ថា «រដ្ឋាភិបាលជប៉ុន គាំទ្រយ៉ាងខ្លាំង ចំពោះកិច្ចព្រមព្រៀង ឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌរវាងកម្ពុជា និង ថៃ ហើយសង្ឃឹមថានឹងមានសន្តិភាពឡើងវិញ យ៉ាងឆាប់រហ័សហើយ នឹងបន្តខិតខំប្រឹងប្រែង ដើម្បីកាត់ បន្ថយការលំបាក របស់អ្នកដែលរងគ្រោះ»។

" "

លោក អ៊ូអិណុ អាត់ស៊ូស៊ី បញ្ជាក់បន្ថែមថា «ខ្លួនខ្ញុំផ្ទាល់ និង វរសេនីយឯក ហារ៉ា តាកាស៊ី អនុព័ន្ធយោធានៃស្ថានទូតជប៉ុន បានចូលរួមដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ហើយមានការគ្រាំគ្រាចិត្ត ជាពន់ពេក ចំពោះទំហំនៃការខូចខាត។ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក៏នឹង បន្តខិតខំប្រឹងប្រែងដើម្បីជួយស្តារសន្តិភាព និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះនៅក្នុងប្រទេសកម្ពុជា»៕

To Top