ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង ណែនាំកងកម្លាំង និងមន្ទីរជំនាញ ត្រូវពង្រឹងសន្តិសុខ និងទប់ស្កាត់ការដំឡើងថ្លៃ សេវាស្នាក់នៅកំឡុង ពេលប្រឡងបាក់ឌុប

បាត់ដំបង៖លោក សុខ លូ អភិបាល ខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះបានអញ្ជើញ ដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសំដៅ ធ្វើយ៉ាងណាឱ្យដំណើរការ ប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២៥ប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក។
សូមជម្រាបថា នៅឆ្នាំសិក្សា២០២៤-២០២៥ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិក្នុងដំណើរការសំណេរប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ដោយអនុវត្តន៍គោលការណ៍ទាំង៤នៃការប្រឡង គឺច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

ក្នុងឱកាសនោះ លោក សុខ លូ បានណែនាំដល់កងកម្លាំង ត្រូវពង្រឹងការរក្សាសន្តិសុខ សុវត្ថិភាព និងជួយសម្របសម្រួលដល់ បេក្ខជនប្រឡងបាក់ឌុប។
លោកអភិបាលខេត្ត ណែនាំមន្ទីរទេសចរណ៍ ខេត្តត្រូវខិតខំផ្សព្វផ្សាយធ្វើយ៉ាងណា កុំឱ្យមានការដំឡើងថ្លៃសណ្ឋាគារ ផ្ទះសំណាក់ និងបន្ទប់ជួលក្នុងកំឡុងពេលប្រឡងបាក់ឌុប ។

ជាមួយគ្នានោះ លោក សុខ លូ បានណែនាំដល់រដ្ឋបាល ក្រុងបាត់ដំបង ពង្រឹងការត្រួត ពិនិត្យសណ្ដាប់ធ្នាប់ និងទប់ស្កាត់ការរំពងសំឡេងគ្រប់ប្រភេទ នៅក្បែរមណ្ឌលប្រឡង ៕

To Top